(​ប៉ារីស)៖​ ប្រធានគណបក្ស​រណសិរ្សជាតិ National Front (FN) លោកស្រី Marine Le Pen បាននិយាយថា គណបក្សរបស់លោកស្រី​ចាំបាច់​ត្រូវតែធ្វើកំណែទម្រង់​យ៉ាងស៊ីជម្រៅ ដើម្បីក្លាយជា​ចលនានយោបាយ​ស្នេហាជាតិ ឬជាតិនិយម​ដ៏ខ្លាំងមួយ​បន្ទាប់ពីចាញ់ លោក Emmanuel Macron យ៉ាងធ្ងន់ក​នៅក្នុងការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីបារាំងទី២៥ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​ក្រុមអ្នកគាំទ្រ លោកស្រី Le Pen​ បានលើកឡើងយ៉ាងដូច្នេះថា «គណបក្សរណសិរ្សជាតិ.... ត្រូវតែធ្វើកំណែទម្រង់​យ៉ាងស៊ីជម្រៅ ដើម្បីមាន​ឱកាសជាប្រវត្តិសាស្ត្រ និងឆ្លើយតប​ទៅនឹងការចង់បាន​របស់ប្រជាជនបារាំង​ ហើយខ្ញុំនឹង​ស្នើឱ្យធ្វើកំណែ​ទម្រង់នេះ សំដៅបង្កើត​ឱ្យបាននូវចលនា​នយោបាយថ្មី​មួយដ៏ខ្លាំង»។ លើសពីនេះ​ទៅទៀត បើទោះបីជាបរាជ័យ​ក៏ពិតមែន លោកស្រី​នៅតែចាត់ទុកថា លទ្ធផលបោះឆ្នោត​នៅពេលនេះគឺជា ប្រវត្តិសាស្ត្រ​មួយចំពោះ គណបក្សរបស់​លោកស្រី ដែលនឹងក្លាយជា​គណបក្សប្រឆាំង​ដ៏សំខាន់នៅបារាំង ហើយថា​ លោកស្រី នឹងចាប់​ផ្ដើមយុទ្ធនាការ​ឃោសនាបោះឆ្នោត​ភ្លាមៗ សម្រាប់ការ​បោះឆ្នោតសភានៅខែមិថុនាក្រោយនេះ។

គួរបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោត​ស្ទើរតែទាំងស្រុង​ពីក្រសួងមហាផ្ទៃបារាំង លោក Macron បានផ្តួល​លោកស្រី Le Pen ដោយទទួលបាន​សំឡេងគាំទ្រចំនួន ៦៦.០៦ភាគរយ ទល់នឹង​​៣៣.៩៤ភាគរយ។ ប៉ុន្តែ​លោកស្រី Le Pen បានអះអាងថា តាមរយៈលទ្ធផល​នេះ នយោបាយបារាំង នឹងត្រូវបែងចែក​ជាពីរនោះគឺ «អ្នកជាតិនិយម» និង «អ្នកសកល​ភាវូបនីយកម្ម» ដូច្នេះទើប លោកស្រីអំពាវនាវ​ឱ្យអ្នកជាតិ​និយមបារាំង ចូលរួម​ក្នុងចលនានយោបាយថ្មី​របស់លោកស្រី៕