(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកត្រូវតែប្រាប់ចិនឱ្យច្បាស់ថា ទីក្រុងប៉េកាំង គួរតែដាក់សម្ពាធឱ្យ​កាន់តែ​ខ្លាំងលើកូរ៉េខាងជើង រហូតដល់រដ្ឋនេះព្រមបោះបង់​ចោលមហិច្ឆតាអាវុធនុយក្លេអ៊ែរ បើមិនចង់ឃើញទីក្រុងវ៉ាស៊ីនតោន​ចាត់វិធានការដោយខ្លួនឯងទេនោះ។ នេះបើតាម​អតីតរដ្ឋមន្ត្រី​ការបរទេសអាមេរិក លោកស្រី Condoleezza Rice ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍ CBS កាលពី​ថ្ងៃអាទិត្យ លោកស្រី Rice បានគូស​បញ្ជាក់ថា អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង​ឆ្លងទ្វីប​របស់កូរ៉េខាងជើង កាន់តែរីកចំរើន​ទៅមុខ មិនអាច​ប្រកែកបាន ហើយអាវុធ​ប្រល័យទាំងនេះ​ អាចមានសមត្ថភាព​បាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែគេអាចដោះស្រាយបញ្ហានេះបាន បើសិនជាចិនព្រមជួយ។

អតីតរដ្ឋមន្ត្រីការ​បរទេសអាមេរិក​រូបនេះ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ដើម្បីដោះស្រាយ​ជាមួយកូរ៉េខាងជើង អ្នក(សហរដ្ឋអាមេរិក) ត្រូវតែប្ដូរ​ការគិត​របស់ចិន ហើយខ្ញុំគិតថា នេះគឺជាអ្វី​ដែលរដ្ឋបាល​លោក ដូណាល់ ត្រាំ កំពុងតែ​ព្យាយាមធ្វើវា។ ចិនមិនអាច​ជួយពេញដៃ​ពេញជើង ពីព្រោះបារម្ភ​ខ្លាចក្រែង របបដឹកនាំ​ទីក្រុងព្យុងយ៉ាងដួលរលំ ដែលអាចនឹងបង្ក​អស្ថេរភាព នៅតាមតំបន់ព្រំដែន​របស់ពួកគេ។ ទោះជាយ៉ាងនេះក្ដី​អ្នកត្រូវតែនិយាយ​ប្រាប់ចិនឱ្យ​ច្បាស់ថា បើសិនជា​ទីក្រុងប៉េកាំង មិនអាចឬ ក៏មិនចង់​ជួយបញ្ឈប់មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង នោះទីក្រុង​វ៉ាស៊ីនតោន នឹងចាត់វិធានការ​ដោយខ្លួនឯង»។

គួរបញ្ជាក់ថា នៅពេលឆ្លើយតប​ទៅនឹងសំណួរ ពាក់ព័ន្ធនឹង​សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប ICBM​ កូរ៉េខាងជើង លោកស្រី Rice និយាយថា នេះគឺជារឿង​ដែលប្រធានាធិបតី​អាមេរិកទំាងអស់ មិនដែល និងមិនអាចអត់ឱន​ឱ្យបានជា​ដាច់ខាត៕