(វ៉ាស៊ីនតោន)៖ ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក្តី ប៉ុន្តែចំពោះសេចក្តីរាយការណ៍ព័ត៌មាន​ចុងក្រោយមួយកាលពីថ្ងៃអាទិត្យដែលថា ជនជាតិអាមេរិកម្នាក់បន្ថែមទៀត ត្រូវបានអាជ្ញាធរកូរ៉េខាងជើង​ចាប់ខ្លួននោះ បានបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ដល់ក្រសួងការបរទេសអាមេរិក ខណៈដែលជនជាតិ​អាមេរិកម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននោះ មិនទាន់ត្រូវបានគេដឹថា មានជោគវាសនា​យ៉ាងណានៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

កូរ៉េខាងជើងនាពេលថ្មីៗនេះ​បានប្រកាសថា ខ្លួនបានចាប់ខ្លួនពលរដ្ឋអាមេរិក​ម្នាក់ទៀតហើយ​ពីបទ​ប្រព្រឹត្តសកម្មភាព​ប្រឆាំងរដ្ឋអំណាច ដែលប្រការនេះ​បណ្តាលឲ្យចំនួន​ពលរដ្ឋអាមេរិក បានជាប់ឃុំខ្លួន​នៅក្នុងប្រទេសកុម្មុ​យនិស្តមួយនេះ​កើនដល់បួននាក់។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា លោក Kim Hak-Song ដែល​​ធ្វើការ​នៅឯ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និងវិទ្យាសាស្រ្តព្យុងយ៉ាង (PUST ) ត្រូវ​បានអាជ្ញាធរ​កូរ៉េខាងជើង ​​ឃាត់​ខ្លួន​នា​​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ​នេះ ស្រប​ពេល​​​​ដែលការ​ស៊ើបអង្កេត​ទៅលើបទឧក្រិដ្ឋ​របស់លោក កំពុងតែ​ប្រព្រឹត្តទៅ។ ជុំវិញការចាប់ខ្លួននេះ ក្រសួង​ការបរទេស​អាមេរិក​ក៏បានបញ្ជាក់​ផងដែរថា ខ្លួនបានជ្រាប​អំពីរឿងនេះ​ផងដែរ។

គួរបញ្ជាក់ថា Kim Hak-Song គឺជាពលរដ្ឋអាមេរិក​​ទីបួនហើយ ដែលត្រូវបានចាប់​ឃុំខ្លួន​នៅកូរ៉េខាងជើង បន្ទាប់ពី​លោក Kim Sang-Duk ដែលជាអ្នកធ្វើការ​នោះសាកលវិទ្យាល័យ PUST ដូចគ្នានោះ ត្រូវបាន​ចាប់ខ្លួនកាលពី​ថ្ងៃទី២២ ខែមេសា។ ក្រៅពីនេះ​លោក ​Kim Dong-chul និងនិស្សិត​អាមេរិក​ម្នាក់ទៀត​ឈ្មោះ Otto Warmbier ត្រូវបាន​កាត់ទោស និងឃុំខ្លួន​ពីបទ​​ធ្វើសកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់ លោក គីម ជុងអ៊ុន។

ដោយឡែក​​ជុំវិញបញ្ហា​នេះដែរ ស្របពេលដែល​ភាពតានតឹង​រវាងកូរ៉េខាងជើង និងអាមេរិក នៅតែកើន​ឡើង​​កម្តៅ​ដដែល​នោះ ក្រុមអ្នកជំនាញ​​លើសំណុំរឿង​កូរ៉េខាងជើ​ង​មួយចំនួន​យល់ថា ទីក្រុង​ព្យុង​យ៉ាង​​​អាច​នឹង​ប្រើ​ការ​ចាប់ខ្លួន​ពលរដ្ឋអាមេរិក ដើម្បីចរចា​​ជាមួយសហរដ្ឋ​អាមេរិក​​នៅថ្ងៃណាមួយ។ ក៏ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​បានអះអាងថា​ នឹងមិនបណ្ដោយ​​ឲ្យ​ទីក្រុង​ព្យុងយ៉ាង យកការចាប់​ខ្លួនពលរដ្ឋ​របស់ខ្លួន​ទុកចរចា​​ជាដាច់ខាត ហើយថា កិច្ចចរចា​អាច​​ធ្វើ​ទៅ​បាន​ ដរាបណា​​កូរ៉េខាងជើង ​មានឆន្ទៈ​បោះបង់​ចោលកម្មវិធី​នុយក្លេអ៊ែរ៕