(ប៉ារីស)៖ បន្ទាប់ពីលោក Emmanuel Macron បានផ្តួលលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោត​ជ្រើសរើសប្រធានា​ធិបតី​បារាំង នាថ្ងៃអាទិត្យម្សិលមិញនេះ មេដឹកនាំនៃបណ្តា​ប្រទេសជុំវិញពិភពលោក ក្នុងនោះមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ បានរួមគ្នាអបអរសាទរ​ចំពោះជ័យជម្នះ​​របស់មេដឹកនាំថ្មី ដែលប្រជាជន​បារាំងបាន​សម្រេចជ្រើសរើស ដែលសំឡេងគាំទ្រច្រើនបំផុត។ នេះបើតាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

ក្រោយពីលទ្ធផល​ផ្លូវការចុងក្រោយ​បំផុត​ ពីក្រសួងមហាផ្ទៃនៃប្រទេសបារាំង​បានបញ្ជាក់​យ៉ាងច្បាស់ថា លោក Macron បាន​យក​ឈ្នះ​លើគូ​ប្រជែង ក្នុងសំឡេង​គាំទ្រចំនួន ៦៦.០៦ភាគរយ ទល់នឹង​​៣៣.៩៤ភាគរយនោះ មេដឹកនាំ​​នៃ​ប្រជាជាតិ​ជុំវិញ​​ពិភពលោករួមមាន ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump, នាយករដ្ឋមន្រ្តី​អង់គ្លេសលោកស្រី Theresa May, អធិការ​បតីអាល្លឺម៉ង់​លោកស្រី Angela Merkel, នាយករដ្ឋមន្រ្តី​ដាណឺម៉ាកលោក Lars Loekke Rasmussen, និងប្រធានាធិបតីចិន​លោក Xi Jinping ជាដើម បានចូលរួមផ្ញើសារជូនពរ ដ៏ដូចជាអបអរសាទរដល់លោក Macron និងកំពុងទន្ទឹងរង់ចាំ​ធ្វើ​ការ​ងារ​ជាមួយ​ប្រធានាធិបតី​ ជាប់ឆ្នោតបារាំងរូបនេះ​នាថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ពិភពលោកនេះ ត្រូវបានឃ្លាំមើល​ដោយមិន​ដាក់​ភ្នែកពី​សំណាក់អ្នក​នយោបាយអឺរ៉ុប​ទំាងអស់ថា តើលោកស្រី Le Pen ឬ លោក Macron ដែល​នឹង​​ក្លាយ​​ជា​​ប្រ​ធា​នា​ធិប​តី​​បារាំង​ទី០៨ ពោលគឺបើសិន​ជាលោក Macron ជាប់​ឆ្នោត វាអាចជាដំណឹងល្អ​សម្រាប់ពួកគេ ក៏ប៉ុន្តែបើសិន​ជាលោកស្រី Le Pen ជាប់ឆ្នោតវិញនោះ នយោបាយអឺរ៉ុប និងបារាំង អាចនឹងត្រូវប្រឈមមុខ​នឹងរលកយក្ស​ស៊ូណាមិ នៃនយោបាយ​ជ្រុលនិយម របស់បេក្ខជនស្ដាំនិយមជ្រុល​រូប​នេះ។ យ៉ាងណា​មិញ​នៅទីបំផុត ជ័យជម្នះរបស់​លោក Emmanuel Macron បានផ្តល់ភាព​ធូរស្រាលក្នុងចិត្ត​ដល់សហភាពអឺរ៉ុប៕