(ប៉ារីស)៖ នៅទីបំផុតបេក្ខភាពប្រធានាធិបតីកណ្តាលនិយមលោក Emmanuel Macron បានទទួលជ័យជម្នះលើគូប្រជែង​របស់​ខ្លួនដែលជាអ្នកនយោបាយស្តាំនិយមជ្រុលគឺលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតជ្រើសប្រធានាធិបតី​បារាំងនាថ្ងៃអាទិត្យម្សិលមិញនេះហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧។

យោងតាមលទ្ធផលផ្លូវការចុងក្រោយបំផុតពីក្រសួងមហាផ្ទៃនៃប្រទេសបារាំង ស្របពេលដែលសន្លឹកឆ្នោតត្រូវបានរាប់ស្ទើរតែជិត​អស់​ហើយ​​នោះ​ គេសង្កេតឃើញថាលោក Macron បានផ្តួលលោកស្រី Le Pen ក្នុងសំឡេងគាំទ្រចំនួន៦៦.០៦សំឡេង ទល់នឹង​​៣៣.៩៤សំឡេង ហើយរូបលោកក្នុងវ័យទើបតែ៣៩ឆ្នាំប៉ុណ្ណោះនោះ នឹងក្លាយជាប្រធានាធិបតីដែលក្មេងជាងគេបង្អស់របស់​ប្រទេសបារាំង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិភពលោកនេះ ត្រូវបានឃ្លាំមើលដោយមិន​ដាក់​ភ្នែកពីសំណាក់អ្នកនយោបាយអឺរ៉ុបទំាងអស់ថា តើលោកស្រី Le Pen ឬ លោក Macron ដែល​នឹង​​ក្លាយ​​ជា​​ប្រ​ធា​នា​ធិប​តី​បារាំង​ទី០៨ ពោលគឺបើសិនជាលោក Macron ជាប់​ឆ្នោត វាអាចជាដំណឹងល្អសម្រាប់ពួកគេ ក៏ប៉ុន្តែបើសិនជាលោកស្រី Le Pen ជាប់ឆ្នោតវិញនោះ នយោបាយអឺរ៉ុប និងបារាំង អាចនឹងត្រូវប្រឈមមុខនឹងរលកយក្សស៊ូណាមិ នៃនយោបាយជ្រុលនិយម របស់បេក្ខជនស្ដាំនិយមជ្រុល​រូប​នេះ។ យ៉ាងណា​មិញនៅទីបំផុត ជ័យជម្នះរបស់លោក Emmanuel Macron បានផ្តល់ភាពធូរស្រាលក្នុងចិត្ត ដល់សហភាពអឺរ៉ុប៕