(​ប៉ារីស)៖ រហូតមកដល់ម៉ោង៥ល្ងាច ម៉ោងនៅក្នុងប្រទេសបារាំង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី២ ដែលជាជុំផ្តាច់ព្រ័ត្រនោះ មានប្រជាពលរដ្ឋបារាំងប្រមាណ៦៥,៣០ភាគរយហើយ បានទៅបោះឆ្នោត ហើយនៅសល់ចំនួនតិចតួចប៉ុណ្ណោះមិនទាន់បានបោះឆ្នោត។ នេះបើយោងតាមប្រភពរបស់ក្រសួងមហាផ្ទៃបារាំង ដែលត្រូវបានដកស្រង់មកចេញផ្សាយដោយព័ត៌មាននានា​ ក្នុងប្រទេសបារាំងនៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ។

ការបោះឆ្នោតជុំទី២នេះ បេក្ខភាពប្រធានាធិបតីបារាំង លោក Emmanuel Macron និង លោកស្រី Marine Le Pen បានទៅបោះឆ្នោតគាំទ្រខ្លួនឯង រៀងៗខ្លួនរួចហើយ នៅម៉ោង១១ព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅស្រុកបារាំង) ខណៈប្រធានាធិបតីផុតអាណត្តិលោក ហ្រ្វង់ស័រ ហូឡង់ ក៏បានទៅបោះឆ្នោតរួចរាល់ហើយ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅបារាំង បានប្រព្រឹត្តទៅក្រោមការរឹតបន្តឹងសន្តិសុខកាន់តែខ្លាំងជាងមុន ដោយកងកម្លាំងជាង ៥០០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ។ រីឯអ្នកនយោបាយអឺរ៉ុបទំាងអស់ ក៏កំពុងចាំរង់ចាំមើលលទ្ធផលបោះឆ្នោតថា តើលោកស្រី Le Pen ឬ លោក Macron ដែលនឹងក្លាយជាប្រធានាធិបតីបារាំងទី០៨ ពោលគឺបើសិនជាលោក Macron ជាប់ឆ្នោត វាអាចជាដំណឹងល្អសម្រាប់ពួកគេ ក៏ប៉ុន្តែបើសិនជាលោកស្រី Le Pen ជាប់ឆ្នោតវិញនោះ នយោបាយអឺរ៉ុប និងបារាំង អាចនឹងត្រូវប្រឈមមុខនឹងរលកយក្សស៊ូណាមិ នៃនយោបាយជ្រុលនិយម របស់បេក្ខជនស្ដាំ និយមជ្រុលរូបនេះ។

សូមបញ្ជាក់ថា លោក Macron បានទៅបោះឆ្នោតនៅឯតំបន់Touquet រីឯ លោកស្រី Le Pen បានទៅបោះឆ្នោតនៅតំបន់ Hénin-Beaumont។ ដោយឡែក លោក ហ្រ្វង់ស័រ ហូឡង់ ក៏បានទៅបោះឆ្នោតជ្រើសរើសបេក្ខជនដែលលោក ពេញចិត្តផងដែរ បន្ទាប់ពីលោកផ្ទាល់បានអំពាវនាវឱ្យប្រជាជនបារាំងបោះឆ្នោតឱ្យអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់លោក គឺលោក Emmanuel Macron ដែលត្រូវបានគេរំពឹងថា មានលទ្ធភាពខ្ពស់ក្លាយជាប្រធានាធិបតីបារាំង៕​ ​