(សេអ៊ូល)៖ កូរ៉េខាងត្បូង នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអណត្តិ នៅថ្ងៃអង្គារ ទី០៩ សប្ដាហ៍ក្រោយនេះ នៅក្នុងបរិបទដែល ស្ថានភាពនៅឧបទ្វីបកូរ៉េ កំពុងជួបភាពតានតឹង ខណៈកូរ៉េខាងជើង ចេះតែគំរាមកំហែងវាយប្រហារមកលើទីក្រុងសេអ៊ូល ឥតឈប់ឈរ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០១៧។

មិនខុសគ្នាប៉ុន្មានទៅនឹងបោះឆ្នោតនៅបារាំង ការបោះឆ្នោតនៅកូរ៉េខាងត្បូង ក៏នឹងកំណត់ផងដែរ ពីជោគវាសនានយោបាយក្នុង និងក្រៅប្រទេស អាស៊ីខាងកើតមួយនេះ។ ជាក់ស្ដែងមិនទាន់ទំាងជាប់ឆ្នោតផង បេក្ខជនប្រធានាធិបតី កំពុងឡើងកូដ លោក Moon Jae-in បានធ្វើឱ្យអ្នកជំនាញ មួយចំនួនយល់ថា បើសិនជាលោកជាប់ឆ្នោតមែន នោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនឹងមានភាពរកាំរគោះ ត្បិតលោក ផ្ទាល់ធ្លាប់បាននិយាយថា លោកមានបំណងព្យាយាមស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងជើង ហើយបើចាំបាច់លោកថាមិនបាច់មានទំនាក់ទំនងរ៉ឹងមាំ ពេក ជាមួយទីក្រុងវ៉ាស៊ីនតោន ទៀតផង។

លើសពីនេះទៅទៀត នារយៈពេលចុងក្រោយ លោក Moon ហាក់ដូចជាបង្ហាញការជំទាស់ទៅនឹងគោលនយោបាយ របស់លោក ដូណាល់ ត្រាំ ចំពោះកូរ៉េខាងជើង។ ជាឧទាហរណ៍ នៅពេលដែលលោក ត្រាំនិយាយថា ការអត់ធ្មត់ជាមួយកូរ៉េខាងជើង គ្មានប្រសទ្ធិភាព លោក Moon ថានេះ គ្រាន់តែជាការអត្ថាធិប្បាយប៉ុណ្ណោះ ហើយនៅពេលលោក ត្រាំ ជំរុញឱ្យចិនដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង លោកបែរជានិយាយថាទីក្រុងសេអ៊ូល គួរតែដើរតួនាទីអព្យាក្រឹត ដោះស្រាយជាមួយបងប្អូនខាងជើង និងគួរតែប្រើវិធីសាស្ត្របញ្ចុះបញ្ចូលជាជាងកម្លំាងយោធា។ តែទោះជាយ៉ាងនេះក្ដី ដារាបណា កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរ ទីក្រុងសេអ៊ូល មិនអាចគ្មានសហរដ្ឋអាមេរិកនោះទេ ហើយម្យ៉ាងវិញទៀត ការលើកឡើងរបស់​លោក Moon អាចមកពីលោកចង់ទាញប្រជាប្រិយភាព ខណៈប្រជាជនកូរ៉េខាងត្បូង កំពុងបារម្ភខ្លាចក្រែងសង្រ្គាមកូរ៉េ ផ្ទុះឡើងជាថ្មី។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើន នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង ទាំង០៥រូប លោក Moon Jae i​n កំពុងនាំមុខគេ ដោយទទួលបានសំឡេងគាំទ្រ ច្រើនជាង៤០ភាគរយ ខណៈគូរប្រជែងដ៏សំខាន់ទាំងពីររូប របស់លោក គឺលោក Hong Jun-pyo និងលោក Ahn Cheol-soo ទទួលសំឡេងគាំទ្របូកចូលគ្នាបានត្រឹមតែជាង១៥ភាគរយប៉ុណ្ណោះ៕