(ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃសុក្រនេះបានសម្រេចដាក់បំរាម​ ទៅលើការប្រើប្រាស់កម្មវិធីផ្ញើសារ​តាមទូរស័ព្ទ WeChat មកពីប្រទេសចិន ទៅទូទាំង​ប្រទេសរុស្ស៊ីតែម្តង ដោយលើកយកហេតុផលថា ប្រធាន​ប្រតិបត្តិរបស់កម្មវិធីនេះ មិនបានធ្វើការចុះឈ្មោះ​ជាមួយអាជ្ញាធរ​​​ដែលពាក់ព័ន្ធនោះឡើយ។ នេះបើតាម​ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។

លោក Vadim Ampelonsky អ្នកនាំពាក្យទីភ្នាក់ងារ​ឃ្លាំមើល បណ្តាញទូរគមនាគមន៍​នៃប្រទេសរុស្ស៊ី Roskomnadzor បាន​ថ្លែងថា «កម្មវិធី WeChat ពុំបានផ្តល់ព័ត៌មាន​សម្រាប់ទំនាក់ទំនង ដែលចាំបាច់​សម្រាប់ការចុះឈ្មោះ​ក្នុងបញ្ជីត្រឹមត្រូវ​​ ជា​មួយ​អាជ្ញាធរ​រុស្ស៊ីនោះឡើយ»។ ខណៈពេលនេះ អ្នកប្រើប្រាស់ WeChat មួយចំនួនមិនអាច Log In ចូលក្នុងគណនី​របស់ពួក​គេ​ ឬមួយក៏ផ្ញើសារចេញ​បាននោះឡើយ។

គួរបញ្ជាក់ថា WeChat គឺជាកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយបំផុត នៅក្នុងប្រទេសចិន ហើយត្រូវបាន​គេប្រើប្រាស់​យ៉ាង​ទូលំទូលាយ ដោយជនជាតិចិន​រស់នៅឯក្រៅប្រទេស ហើយវាត្រូវបានបង្កើតឡើង​ដោយក្រុមហ៊ុនបច្ចេក​វិទ្យាយក្ស​​ចិន​ Tencent។ យ៉ាងណាមិញក្រៅពី WeChat ក្នុងសប្តាហ៍នេះទីភ្នាក់ងារ Roskomnadzor ក៏បាន Block កម្មវិធី Messenger, Line, និង Vchat ក្រោមហេតុផលដូចគ្នាផងដែរ៕