(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង​នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ការធ្វើសមយុទ្ធយោធា​រួមទ្រង់ទ្រាយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានឈានដល់ដំណាក់​កាលដ៏គួរឲ្យស្អប់ខ្ពើមជាទីបំផុតមិនធ្លាប់មាន និងពោរពេញដោយ​ភាពប្រថុយប្រថាន​​​ខ្លាំងណាស់ នៅក្នុងអំឡុងពេល​ប៉ុន្មានទសវត្សរ៍​ចុងក្រោយនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។

នៅក្នុងការធ្វើ​អត្ថាធិប្បាយ​មួយរបស់កង​កម្លាំងការពារជាតិ ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថា រដ្ឋា​ភិបាលទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានស្តែង​ឲ្យមជ្ឈដ្ឋានសាធារណៈ​បានឃើញថា ការធ្វើសមយុទ្ធរួមគ្នា​របស់​​សម្ព័ន្ធទាំងពីរ​នេះមានគោលដៅ ដើម្បីកម្ចាត់​មេដឹកនាំ​កូរ៉េខាងជើង និងផ្តួលរំលំប្រព័ន្ធ​ដឹកនាំនៃរដ្ឋកុម្មុយនិស្តមួយនេះ។ ​​

KCNA បានឲ្យដឹងថា​ សម​យុទ្ធលើកនេះ​បានបកស្បែកមុខ​បង្កប់ដោយល្បិចកលរបស់ពួកគេ ដែលតែងតែ​បានអះអាងថា វា​គ្រាន់​តែ​ជា​​ការ​​ហ្វឹក​ហាត់​​​ប្រចាំឆ្នាំ​​ដើម្បី​ការ​ពារ​​ខ្លួនប៉ុណ្ណោះ។ «សមយុទ្ធយោធារួម Key Resolve និង Foal Eagle 17 បានលាតត្រដាង​​ឲ្យឃើញយ៉ាងច្បាស់ថា រដ្ឋបាល​អាមេរិកលោក ដូណាល់ ត្រាំ ក៏កំពុងតែប្រើប្រាស់​គោលនយោ​បាយ​ឈ្លានពាន ចំពោះ​កូរ៉េ​ខាងជើង ដោយកម្លាំង​យោធា មិនខុសពីរដ្ឋាភិបាល​អាមេរិកពីមុនៗ​នោះឡើយ»។

គួរបញ្ជាក់ថា អាមេរិក និងកូរ៉េខាងត្បូង ទើបតែបាន​បិទបញ្ចប់ជាស្ថាពរនូវ សមយុទ្ធយោធា​រយៈពេលពីរ​ខែនេះ ដែលមាន​ការ​​ចូលរួមពីកងទ័ព​ប្រមាណ ៣០០,០០០នាក់។ ជាមួយគ្នានេះ​ទីក្រុងវ៉ាស៊ីនតោន ក៏បានបញ្ជូន​ក្រុមនាវាដឹក​យន្តហោះចម្បាំង USS Carl Vinson និងនាវាមុជទឹក​ដើរដោយថាមពល​នុយក្លេអ៊ែរ មកកាន់ដែនទឹក​ក្បែរឧបទ្វីប​កូរ៉េផងដែរ ក្រៅពីការធ្វើសម​​យុទ្ធទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​នៅក្នុងប្រទេស​កូរ៉េខាងត្បូង​នាពេលថ្មីៗនេះ និងការធ្វើតេស្តមីស៊ីល​ផ្លោងកាលពីប៉ុន្មាន​​សប្តាហ៍មុន៕