(ម៉ូស្គូ)៖​ សារព័ត៌មានរុស្ស៊ីបានចេញផ្សាយថា ជំនួយជាស្បៀងអាហារសរុប ០៤តោន ត្រូវបានផ្តល់ជូន​ប្រជាជនស៊ីរីរងគ្រោះនៅក្នុងតំបន់នានានៃទីក្រុង Aleppo និង Daraa។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។

បន្ថែមពីលើជំនួយខាងលើនេះ យន្តហោះដឹកជំនួយរុស្ស៊ីមួយចំនួន ក៏បានទម្លាក់ជំនួយពីលើអាកាសសរុប ២១តោន ដែលត្រូវបានផ្តល់ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ ទៅលើទីក្រុង Deir ez-Zor ដែលត្រូវបានរឹបអូសផងដែរ។ នេះគឺជាការផ្តល់ជំនួយលើកដំបូងហើយ​របស់រុស្ស៊ី​ទៅកាន់ស៊ីរី បន្ទាប់ពីមាន​ការ​សម្រេច ឲ្យ​មានតំបន់ហោះហើរ​ដោយសុវត្ថិភាព​នៅស៊ីរី កាលពីពេលថ្មីៗនេះ។

កាលពីពេលថ្មីៗនេះប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគី​បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាមួយ ដើម្បីបង្កើតតំបន់សុវត្ថិភាព​ចំនួនបួនទីតាំង នៅក្នុងប្រទេសស៊ីរីហើយ ដែលការសម្រេចចិត្តនេះ​ធ្វើឡើងនៅក្នុងកិច្ចប្រជុំ​ពិសេសស្ដីពីវិបត្តិស៊ីរី ក្នុងទីក្រុងអាស្ដាណា ប្រទេសកាហ្សាក់ស្ថាន ហើយវាក៏បានទទួលគាំទ្រយ៉ាងខ្លាំងពី លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ីរ៉ង់ គំាទ្ររដ្ឋាភិបាល​របស់ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាស្សាដ រីឯតួកគី​គាំទ្រក្រុមប្រឆាំង​ស៊ីរី ខណៈសង្រ្គាម​រុំារ៉ៃក្នុង​រយៈពេលជាង០៦ឆ្នាំមកនេះ បានផ្ដាច់យកអាយុ​ជីវិតមនុស្ស​ជិត ៣២០,០០០នាក់៕