(បាងកក)៖ ប្រទេសថៃ និងចិន ទីបំផុតបានសម្រេចចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការប្រគល់​នាវាមុជទឹក​ទីមួយ នៅក្នុង​ចំណោមនាវាមុជទឹកសរុបទាំងបីគ្រឿង ដែលកងទ័ពជើងទឹកថៃ បានបញ្ជាទិញ​ពីទីក្រុងប៉េកាំង នៅក្នុងកិច្ចសន្យា១១ឆ្នាំ​។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេសអាស៊ានមួយនេះ ដកស្រង់ដោយ​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។

យោងតាមកាសែត​បាងកកប៉ុស្តិ៍ ក្រុមមន្រ្តីតំណាង​របស់យោធាជើងទឹកថៃ និងក្រុមហ៊ុនផលិតនាវា CSOC របស់រដ្ឋាភិបាល​​ចិន បានធ្វើការចុះហត្ថលេខា​ទៅលើឯកសារទាំងនេះ​ នៅឯទីក្រុងប៉េកាំង ហើយភាគីចិនមិនបាន​កែប្រែទៅលើកិច្ចសន្យា​នេះឡើយ បន្ទាប់ពីវាត្រូវបាន​សម្របសម្រួលបន្តិចបន្តួច ដោយអគ្គព្រះរាជអាជ្ញា​របស់រដ្ឋាភិបាល​យោធាថៃ។

នៅក្រោមកិច្ចសន្យា​ខាងលើនេះ ប្រទេសថៃនឹង​ទិញនាវាមុជទឹក​ប្រភេទ Yuan Class S26T ចំនួនបីគ្រឿង ក្នុងតម្លៃសរុប​ប្រមាណ ៦១ពាន់លានបាត (១ពាន់លានដុល្លារ) ដោយថវិកាចំនួន ៧០០លានបាត (២០.២លានដុល្លារ) នឹងត្រូវបានបង់​នៅក្នុងរយៈពេល៤៥ថ្ងៃហើយនាវាមុជទឹក​មួយគ្រឿងដំបូង​ត្រូវបានរំពឹងថា នឹងធ្វើការប្រគល់​ជូនកងទ័ពជើង​ទឹកថៃ នៅ​ក្នុងរយៈពេល​០៦ឆ្នាំ។ លើសពីនេះទៀត ភាគីចិនក៏បានយល់ព្រមផ្តល់​ជូនមីស៊ីល CM-708 ដែលមានសមត្ថភាពបាញ់​ចេញ​ពីនាវាមុជទឹក​នៅក្នុងរយៈចម្ងាយ ២៩០គីឡូម៉ែត្រ ដោយឥតគិតថ្លៃ​ថែមទៀតផង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨​ ខែមេសា គណៈរដ្ឋមន្រ្តីថៃគ្រប់គ្រងដោយយោធា បានបើកកិច្ចប្រជុំដើម្បីអនុម័ត​ជាសម្ងាត់​ ទៅលើការសម្រេចចិត្ត​ក្នុងការទិញនាវា​មុជទឹកតម្លៃ ១៣.៥ពាន់លានបាត (៣៩០លានដុល្លារ) មួយគ្រឿងពីចិន និងពីរគ្រឿងបន្ថែម​ទៀត​នៅក្នុងរយ​ពេល​១១ឆ្នាំខាងមុខ៕