(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក កំពុងរៀបចំកិច្ចសន្យា​ស្តីពីការជួលបន្ទប់ស្នាក់នៅឯកជនមួយ​​កន្លែងនៅក្នុងអគារពាណិជ្ជកម្ម Trump Tower ទៅឲ្យការិយាល័យយោធានៃសេតវិមាន ដើម្បីប្រើប្រាស់​​ជាកន្លែងផ្ទុកលេខកូដសម្ងាត់នៃការបញ្ជាគ្រាប់នុយក្លេអ៊ែរ ក្នុងន័យជួយ​ជ្រោមជ្រែងដល់ប្រធានាធិបតី​លោក ដូណាល់ ត្រាំ បើទោះបីជាលោកទៅដល់ទីណា ក៏អាចមានលទ្ធភាពត្រួតពិនិត្យ និងបញ្ជាវាបាន។ នេះបើតាមលិខិត​មួយច្បាប់របស់​មន្ទីរបញ្ចកោណ ដែលត្រូវ​បាន​ដក​ស្រង់​ដោយ ទីភ្នាក់​ងារ​ព័ត៌​មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។

លិខិតខាងលើ​បានបានបកស្រាយថា ការិយាល័យយោធា​ប្រចាំសេតវិមាន ដែលជាអង្គភាព​មួយរបស់ក្រសួង​ការ​ពារជាតិ​អាមេរិកនោះ បានដាក់​សំណើដើម្បី​ធ្វើការជួលបន្ទប់ នៅក្នុងអគារ​ពាណិជ្ជកម្ម Trump Tower ដើម្បីបម្រើដល់​កា​តព្វ​កិច្ច​ផ្ទាល់ខ្លួន ក្នុងការជួយជ្រោមជ្រែង​លោកប្រធានាធិបតី នៅពេលដែលលោកមកបំពេញការងារអគារនេះតែម្តង។ យ៉ាងណាមិ​ញគេពុំបានដឹង​អំពីតម្លៃនៃ​ការជួលនេះ ឬក៏អត្តសញ្ញាណ​នៃអគារស្នាក់​នៅនេះឡើយ។

ដោយឡែកសេតវិមាន កងអង្គរក្សការពារប្រធានាធិបតី និងក្រសួងការពារជាតិ​អាមេរិក ពុំបានធ្វើការអត្ថាធិប្បាយ​​​ឲ្យដឹងថា តើការៀបចំចាត់ចែង​លក្ខណៈស្រដៀងគ្នានេះ ត្រូវបានធ្វើឡើង​នៅតាមកន្លែងលំហែកាយ​ញឹកញាប់​របស់លោក ត្រាំ រួមមានដូចជា រមណីយដ្ឋាន Mar-a-Lago ក្នុងទីក្រុង Palm Beach នៃរដ្ឋផ្លូវរីដា និងក្លឹបវាយកូនហ្គោល Trump National ស្ថិតក្នុងទីក្រុង Bedminster នៃរដ្ឋ New Jersey ដែលសុទ្ធតែជាទីកន្លែងលោក ត្រាំ តែងតែចំណាយពេលវេលានាចុង​សប្តាហ៍នៅទីនោះដែរ ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា ការិយាល័យយោធា​ប្រចាំសេតវិមាន បានតួនាទីនាំយក​ និងមើលថែរក្សាការពារ «Football» ជាឧបរករណ៍ដ៏​​សំខាន់បំផុត មានផ្ទុកនូវលេខកូដសម្ងាត់​ដែលប្រធានាធិបតីអាមេរិក ត្រូវការ​ដើម្បីបញ្ជាការ​វាយប្រហារដោយ​អាវុធនុយ​ក្លេអ៊ែរ ហើយក្រៅពីនេះ​អង្គភាពមួយនេះ ក៏មានបន្ទុកផ្តល់ជូនលោក ត្រាំ នូវប្រព័ន្ធទាក់ទង​ប្រកបដោយសុវត្ថិភាព​ខ្ពស់ ​នៅ​គ្រប់ទីកន្លែងដែលលោកធ្វើដំណើរទៅផងដែរ៕