(ប៉ារីស)៖ ខណៈពេលការ​បោះឆ្នោតជ្រើសរើស​មេដឹកនាំបារាំង កាន់តែខិតជិតចូលមក​ដល់​​មែន​ទែន​ហើយ​នោះ ក្រុម​យុទ្ធ​នាការឃោសនា​រកសំឡេងឆ្នោត នៃបេក្ខ​ភាព​របស់ប្រធានាធិបតីកំពុងនាំមុខប្រជាប្រិយភាព​លោក Emmanuel Macron នោះ បាន​ឲ្យបង្ហើបឲ្យ​ដឹងថា ខ្លួនបានក្លាយ​ជាគោលដៅនៃ​ការវាយលុក ដោយប្រព័ន្ធកុំព្យូទ័រ​ទ្រង់ទ្រាយធំមួយ ដែលបាន​ធ្វើឲ្យ​លេច​ធ្លាយ​សារអ៊ីម៉ែលជាច្រើន​របស់យុទ្ធនាការ ទៅលើបណ្តាញ​អ៊ីនធឺណែត។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់​ងារ​ព័ត៌​មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។

ទិន្នន័យ​អ៊ីម៉ែលទំហំប្រមាណ ០៩ជីហ្គាបៃ (GB) ត្រូវបានបង្ហោះ​ដោយគណនីអ្នកប្រើប្រាស់​ម្នាក់មាន​ឈ្មោះថា EMLEAKS ទៅកាន់គេហទំព័រ Pastebin  ដែលអនុញ្ញាតឲ្យមានការផ្សព្វផ្សាយដំណឹងផ្សេងៗ ដោយអនាមិក។ យ៉ាង​ណាមិញ ភ្លាមៗនេះគេនៅពុំទាន់​បានដឹងច្បាស់នៅ​ឡើយទេថា តើនរណាគឺជា​អ្នកនៅពីក្រោយខ្នង​នៃការបង្ហោះនេះ​ ឬមួយ​ក៏ទិន្នន័យ​ទាំងនោះជារបស់ពិត​ដែរ ឬយ៉ាងណានោះ។

ដោយឡែកនៅក្នុង​សេចក្តីថ្លែងការណ៍របស់ ក្រុមយុទ្ធនាការ​ឃោសនា​បោះឆ្នោត (Onwards) របស់លោក Macron បាន​បញ្ជាក់អះអាងថា ខ្លួនត្រូវបានគេ Hack ហើយ។ ជុំវិញបញ្ហានេះដែរគណកម្មការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​​បារាំង បានឲ្យដឹងថា ខ្លួននឹងបើកកិច្ច​ប្រជុំមួយ​នាល្ងាចថ្ងៃសៅរ៍​សប្តាហ៍នេះ (ម៉ោងក្នុង​ប្រទេសបារាំង) បន្ទាប់ពី​ក្រុមយុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក Macron បានផ្តល់ដំណឹងជូន​គណកម្មការ​អំពីការ Hack និងការចែកផ្សព្វផ្សាយ​​ទិន្នន័យ​អ៊ីម៉ែល​នោះ។

គួរបញ្ជាក់ថា យោងតាមការស្ទាបស្ទង់​មតិ​ជាច្រើននាពេល​កន្លងមក លោក Emmanuel Macron ត្រូវបានគេរំពឹងថា​ នឹង​ផ្តួលគួរប្រកួត​គឺលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោត​ជុំទីពីរ ជាជុំបញ្ចប់នាថ្ងៃអាទិត្យ​ខាងមុខ ដែល​ជា​ថ្ងៃ​កាត់​សេចក្តី​​ ហើយការស្ទង់ចុងមតិចុងក្រោយបំផុត បានបង្ហាញឲ្យឃើញថា លោក Macron បានយកឈ្នះលោកស្រី Le Pen ​ជាមួយសំឡេងគាំទ្រ​ច្រើនរហូតដល់ ៦២ភាគរយ៕