(ស្វីស)៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានសម្រេចទម្លាក់ចោលការចោទប្រកាន់ទៅនឹងបំរាម៤ប្រកួតរបស់កីឡាករអាហ្សង់ទីន Lionel Messi ក្រោយពីមានការប្តឹងជំទាស់ និងពុំរកឃើញកំហុសធ្ងន់ធ្ងរនោះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនារាត្រីថ្ងៃសុក្រនេះបានឲ្យដឹងថា FIFA បានធ្វើការដាក់បំរាម Messi មិនឲ្យចូលលេង១ប្រកួតមកហើយ ក្នុងវគ្គជម្រុះ World Cup 2018 ពេលអាហ្សង់ទីនប្រកួតចាញ់ម្ចាស់ផ្ទះបូឡាវី ២ទល់នឹង ០។

តែសម្រាប់៣ប្រកួតដែលនៅសល់នៃវគ្គជម្រុះ World Cup 2018 ប្រចាំតំបន់អាមេរិកខាងត្បូង ពេលអាហ្សង់ទីនទទួលភ្ញៀវអ៊ុយរូហ្គាយ និងប៉ះម្ចាស់ផ្ទះវេណេស៊ុយអេឡា និងពេរូ កីឡាករដែលកំពុងប្រកបអាជីពក្នុងក្លឹប FC Barcelona នាពេលបច្ចុប្បន្នអាចចូលលេងបានវិញហើយ។

សូមរំលឹកផងដែរថា ជុំវិញការដកបំរាមរបស់ទៅលើ Messi និងប្រាក់ពិន័យ ៧៨០០ផោនដែរនោះ ត្រូវបានធ្វើឡើង ក្រោយពេលសហព័ន្ធ បាល់ទាត់អាហ្សង់ទីនបានធ្វើការប្តឹងជំទាស់យ៉ាងដាច់អហង្កា និងឆែកកាមេរ៉ាវិដេអូប្រកួតឡើងវិញ នៅការប្រកួតអាហ្សង់ទីន ឈ្នះឈីលី ១ទល់នឹង ០ ពុំឃើញ Messi ជេរអាជ្ញាកណ្តាលខ្សែបន្ទាត់ ដូចសេចក្តីថ្លែងការណ៍របស់ FIFA ឡើយ បើទោះបីជាបានប៉ះទង្គិចគ្នាតិចតួចពិតមែនក៏ដោយ៕