(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Airlines បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ ដើម្បី​សុំ​ទោសចំពោះការបង្ខិតបង្ខំគ្រួសារមួយក្រុម មានសមាជិកបួននាក់ ដែលរួមបញ្ចូលទាំងកូនក្មេងតូចៗពីរនាក់ផងដែរ​នោះ ឲ្យចុះចេញពីលើយន្តហោះ ដោយសារតែឪពុកម្តាយទាំងពីរនាក់ មិនព្រមលះបង់កន្លែងអង្គុយរបស់កូនតូចអាយុ​ពីរ​ខួប​របស់ពួកគេ​ ទៅតាមសំណើរបស់បុគ្គលិកអាកាសចរណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិន​ហួរ នៅយប់ថ្ងៃសុក្រ​ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

លោក Brian Schear រស់នៅទីក្រុង Hungtington Beach នៃរដ្ឋកាលីហ្វរញ៉ា បានបង្ហោះឃ្លីបវិដេអូមួយរយៈពេល០៨នាទី​​នៅលើគេហទំព័រ Youtube នាពេលថ្មីៗនេះ ដោយនិយាយថាក្រុមគ្រួសាររបស់លោក ត្រូវបានគេចាប់បង្ខំឲ្យចុះចេញពីលើ​យន្តហោះធ្វើដំណើរ នៅពេលដែលពួកគេបានបដិសេធ ចំពោះបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Delta ដែលបានស្នើឲ្យ​រូប​លោកនិងភរិយា លះបង់កៅអីអង្គុយកូនប្រុសរបស់អ្នកទាំងពីរ ទៅឲ្យអ្នកដំណើរដែលកំពុងរង់ចាំម្នាក់ទៀត។ នៅក្នុងខ្សែ​វិដេអូនោះ បុគ្គលិករបស់ Delta Airlines ក៏បានព្រមានថានឹងបង្អាក់ជើងហោះហើរ និងថែមទាំងបានគំរាមចាប់ឪពុកម្តាយ​ទាំងពីរដាក់គុកទៀតផង បើសិនជានៅតែមិនព្រមសហការទេនោះ។

គួរបញ្ជាក់ថា ជុំវិញការបណ្តេញអ្នកដំណើរចុះចេញពីលើយន្តហោះ ក្នុងអំឡុងជើងហោះហើរ​កក់​លើស​ចំណុះ​នេះ ក្រៅ​ពី​ក្រុមហ៊ុន Delta Airlines កាល​ពី​ពេល​​កន្លង​ទៅនេះអាកាសចរណ៍អាមេរិកមួយផ្សេងទៀតឈ្មោះថា United Airlines ក៏​បាន​ប្រឈមមុខជាមួយការខឹង​សម្បារ​ពី​មហា​ជន​ផងដែរ នៅពេលដែលភ្នាក់ងារសន្តិសុខរបស់ខ្លួន បានចាប់អូសទាញអ្នក​ដំណើរ​វ័យ៦៩ឆ្នាំម្នាក់ ចេញ​ពី​ក្នុង​យន្ត​ហោះ ដើម្បី​ទុកកន្លែងឲ្យ​ក្រុមសហសេវិក៕