(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបានចោទប្រកាន់ចំៗ​តែម្ដងថា​ ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់អាមេរិក CIA និងទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង​បាន និងកំពុងផ្សំគំនិតគ្នាព្យាយាមលួចធ្វើឃាត​មេដឹកនាំកំពូល លោក គីម ជុងអ៊ុន តាមរយៈការប្រើប្រាស់សារធាតុគីមីពុល។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ​ នៅរសៀលថ្ងៃសុក្រ ទី០៥​ ខែឧសភា ឆ្នាំ២០១៧។

យោងតាម KCNA ក្រសួងសន្តិសុខ​កូរ៉េខាងជើងបានអះអាងថា ក្រុមភេរវករ​ដែលគាំទ្រ ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA និងកូរ៉េខាងត្បូង​បានចូលមកក្នុងទឹកដី​កូរ៉េខាងជើង ដើម្បីរៀបចំ និងអនុវត្តន៍សកម្មភាពវាយប្រហារ​ដោយភេរវកម្ម ក្នុងគោលដៅធ្វើឃាតមេដឹកនាំកំពូល លោក គីម ជុងអ៊ុន ដោយប្រើប្រាស់សារធាតុគីមីពុល។

ក្រសួងសន្តិសុខកូរ៉េខាងជើង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងរកឱ្យឃើញ ហើយកម្ទេចមិន​ឱ្យសល់ក្រុមភេរវករ​របស់ CIA​ អាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ដែលមានគោលបំណង​ធ្វើឃាតមេដឹកនាំកំពូលរបស់ពួកយើង»

គួរបញ្ជាក់ថា បើតាម KCNA កូរ៉េខាងជើង​បានព្រមានថា ខ្លួននឹងដាក់ចេញនូវ​ប្រតិបត្តិការ​ប្រឆាំងភេរវកម្ម ដើម្បីប្រឆាំង​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA​ រួមទំាង​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង៕