(ម៉ូស្គូ)៖ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ រយៈចំងាយឆ្ងាយធុន Tu-95MS របស់រុស្ស៊ី បានហោះហើរពីលើតំបន់មហាសមុទ្រ​ប៉ាស៊ីហ្វិក តាមបណ្ដាកោះ Aleutian កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមក្រសួង​ការពារជាតិរុស្ស៊ី ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

ក្រសួងការពារជាតិ​រុស្ស៊ី​បានឱ្យដឹងយ៉ាងដូច្នេះថា «កាលពីថ្ងៃទី០៤ ខែឧសភា​យន្ដហោះ Tu-95MS  អមដំណើរដោយ​យន្ដហោះចម្បាំង Su-35S បាន​អនុវត្តន៍ការហោះហើរពីលើ​ តំបន់ដែនទឹករបស់រុស្ស៊ី នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក ស្ថិតនៅតាម​បណ្ដោយកោះ Aleutian ហើយដែលការហោះហើរនេះគឺធ្វើ ឡើងអនុឡោម​តាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការប្រើប្រាស់​ដែនអាកាសហោះហើរ​ ពីលើតំបន់ដែនទឹក​អព្យាក្រឹត ដោយគ្មានបាន​រំលោភលើព្រំដែន របស់ប្រទេស​ណាមួយនោះទេ»។ ទោះបីជាយ៉ាងណា ទីក្រុងម៉ូស្គូមិនបានបញ្ជាក់​លម្អិតពីការ​ហោះហើរនេះ​ថា វាធ្វើឡើង​នៅក្នុងក្របខណ្ឌ​សមយុទ្ធយោធា ឬមានចេតនាអ្វី​ឱ្យប្រាកដ​នោះឡើយ។

គួរបញ្ជាក់ថា យន្ដហោះធុន Tu-95MS គឺជាប្រភេទ​យន្ដហោះទម្លាក់​គ្រាប់បែក ដែលធ្វើកំណែប្រែ​ចេញពីយន្ដហោះ​ធុន Tu-95 ដែលត្រូវបាន​ដាក់ឱ្យ​ដំណើរការក្នុង​ឆ្នាំ១៩៥៦ ហើយ​Tu-95MS បានធ្វើសកម្មភាព​ជាលើកដំបូងបំផុត​ តាមរយៈការវាយប្រហារនៅក្នុង​ប្រទេសស៊ីរី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥៕