(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានជំរុញឱ្យបណ្ដា​ប្រទេសអាស៊ាន​ទំាងអស់ ចូលរួមចំណែក​បង្កើនការដាក់សម្ពាធទាំង​សេដ្ឋកិច្ច និងទំនាក់ទំនង​ការទូត ប្រឆាំងកូរ៉េខាងជើង។ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់​អាមេរិក​ ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ លោក Patrick Murphy​ ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

យោងតាម​ លោក Patrick Murphy នៅក្នុងជំនួបជា​លើកដំបូង​ជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃព្រហស្បតិ៍ នៅឯទីក្រុងវ៉ាស៊ីនតោន លោក ធីល្លឺសុន បានជម្រុញឱ្យ​សមភាគីរបស់លោក បង្កើនកិច្ចខិតខំប្រឹងប្រែង​លើការរាំងខ្ទប់​ប្រាក់ចំណូល ដែលកូរ៉េខាងជើង​រកបានតាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុងតំបន់ ក៏ដូចជាកាត់​បន្ថយចំណងការទូត​ ឱ្យនៅកម្រិតទាបបំផុត​ជាមួយទីក្រុង​ព្យុងយ៉ាង អនុឡោមតាម​ដាក់ទណ្ឌកម្ម​ពីសំណាក់ UN សម្រាប់មហិច្ឆតា​កម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់​កូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន ក៏បានព្រមានដែរថា សហរដ្ឋអាមេរិក​នឹងឃ្លំាមើលយ៉ាង​ដិតដល់ ចំពោះការអនុវត្តន៍​ការដាក់ទណ្ឌកម្មក្រោម​ក្របខណ្ឌUN ប្រឆាំងកូរ៉េខាងជើង​ដោយបណ្ដា​ប្រទេសពាក់ព័ន្ធ ហើយថា​ បើសិនជាពួកគេ​មិនអាច ឬមិនចង់ធ្វើ ឬក៏រំលោភលើការ​ដាក់ទណ្ឌកម្ម​នេះ នោះទីក្រុ​ងវ៉ាស៊ីនតោន​អាចនឹងដាក់ទណ្ឌកម្ម​លើពួកគេ តាមរយៈប្រទេស​ទី០៣៕