(វ៉ាស៊ីនតោន)៖ យោងតាមសេចក្តីរាយការណ៍​នាពេលថ្មីៗនេះ កូរ៉េខាងជើងកំពុងតែ​​ធ្វើការសាងសង់​កោះសិប្បនិម្មិត​ចំនួន​បី​នៅលើផ្ទៃសមុទ្រលឿង ដើម្បីបម្រើគោលបំណង​នៃការបង្កើត​មូលដ្ឋានយោធា សម្រាប់ការបាញ់​មីស៊ីលផ្លោង។ នេះបើ​តាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

សារព័ត៌មានអាមេរិក The Los Angeles Times ទើបទទួលបានរូបភាពពីប្រព័ន្ធផ្កាយរណប ដែលបង្ហាញថា ចាប់តាំងពីឆ្នាំ​២០១២មក យ៉ាងហោចណាស់កោះចំនួនបី​កន្លែងត្រូវបានសាងសង់ឡើង​ជាមួយ​សំណង់អគារ ផ្លូវថ្នល់ និងតំរុយសំខាន់​ៗ​​ផ្សេងទៀតនៃមូលដ្ឋាន​យោធា។

យ៉ាងណាមិញ​ជុំវិញសេចក្តីរាយការណ៍​នេះ លោក Ryan Barenklau នាយក​ក្រុមស៊ើបការណ៍ Strategic Sentinel បាន​ឲ្យ​ដឹង​ថា «យើង​ពុំអាចផ្តល់​សេចក្តីថែ្លងការណ៍​ជាក់លាក់ណាមួយ ស្តីពីវត្ថុបំណង​នៃការប្រើប្រាស់ របស់កោះទាំង​នេះ​​បាន​​នោះ​ឡើយ ក៏ប៉ុន្តែពួកវាទំនង​ជានឹងត្រូវប្រើសម្រាប់​វិស័យយោធា»។ បន្ថែមពីនេះ​លោក Barenklau ក៏បានលើកឡើង​ដែរថា​ កោះចំនួនបីនេះ​ក៏អាចនឹងត្រូវប្រើប្រាស់​ ជាទីតាំងបាញ់​មីស៊ីលផងដែរ។

ដោយឡែក​មានមតិមួយចំនួនអះអាងថា របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ប្រហែលជា​បានរៀនសូត្រ​តាមសម្ព័ន្ធ​មិត្តដ៏​ជិត​ស្និទ្ធ​​បំផុត​តែ​មួយគត់​របស់ខ្លួន នោះគឺទីក្រុង​ប៉េកាំង ដែលបាន​និងកំពុងទទួល​រងការចោទប្រកាន់​ ពីការតំឡើងមូលដ្ឋានយោធានៅ​លើ​បណ្តាកោះ​សិប្បនិម្មិត ដែលចិន​បានកសាងឡើង​នៅក្នុងតំបន់សមុទ្រចិនខាងត្បូង៕