(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានឲ្យដឹងថា ខ្លួននឹងជជែកដេញដោលជាមួយ​អង្គការសហប្រជាជាតិអំពី​ករណី​ដែល​មន្រ្តី​ឃ្លាំមើល​សិទ្ធិ​​មនុស្ស​ជាន់​ខ្ពស់​​​មួយ​រូប​​របស់ UN មិនបានជូនដំណឹងដល់រដ្ឋាភិបាល​ទីក្រុងម៉ានីលជាមុន អំពី​ដំណើរ​ទស្សន​កិច្ច​​របស់​លោក​ស្រី មកកាន់ទីនេះនា​​ថ្ងៃសុក្រនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅ​រសៀលថ្ងៃសុក្រ​ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

លោកស្រី Agnes Callamard បេសកជនពិសេសរបស់អង្គការ​សហប្រជាជាតិ ទទួលបន្ទុកលើ​ការសម្លាប់ មនុស្ស​​ក្រៅ​​ប្រព័ន្ធ​តុ​លា​ការ​ បានធ្វើការថ្លែងសុន្ទរកថា​ នៅឯវេទិកានយោបាយ​មួយ​ក្នុងរដ្ឋធានីម៉ានីល នាថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងបញ្ហា​គ្រឿងញៀនខុសច្បាប់។

គួរបញ្ជាក់ថា លោកស្រី Callamard ដែលតែងតែ​បានផ្តោតសំខាន់​ទៅលើយុទ្ធនាការ​បង្រ្កាបគ្រឿងញៀន​​ដោយបង្ហូរឈាម​​នៅក្នុងប្រទេសនៃ​តំបន់អាស៊ីគ្នេយ៍​មួយនេះ ពុំមែនកំពុង​បំពេញទស្សនកិច្ច​នៅហ្វីលីពីន​ក្នុងនាមជា​មន្រ្តី​​តំណាង​​ឲ្យ​ UN ឡើយ។ យ៉ាងណាមិញ​កាលពីខែកញ្ញា ឆ្នាំ២០១៦ រដ្ឋាភិបាល​ទីក្រុងម៉ានីល ក៏បានធ្វើការ​អញ្ជើញលោកស្រី Callamard ជាផ្លូវការផងដែរ ក៏ប៉ុន្តែលោកស្រី​មិនបានឆ្លើយតប​នោះទេ៕