(ប៉េកាំង)៖ ប្រទេសចិនត្រូវបានគេមើលឃើញថា កំពុងតែរៀបចំសមយុទ្ធដែនអាកាសរបស់ខ្លួន ឲ្យដូចជា​រឿងពិតៗ និងប្រើប្រាស់រូបមន្ត​សម្ងាត់ ដើម្បីត្រៀមខ្លួនក្នុង​ការបញ្ចេញប្រតិបត្តិការ​ភ្លាមៗ ក្នុងករណី​បន្ទាន់​ណាមួយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

ប្រទេសចិនក៏ត្រូវបាន​ប្រទេសក្នុងតំបន់​មើលឃើញដែរថា កំពុងតែបង្កើន​សាច់ដុំយោធា​របស់ខ្លួនកាន់តែខ្លាំង តាមរយៈការបង្កើន​សកម្មភាពធ្វើសមយុទ្ធ និងការបង្អួត​សព្វាវុធថ្មីៗ ដូចដែល​មហាយក្សនេះ​បានប្តេជ្ញាថា នឹងធ្វើកំណែទម្រង់​យោធារបស់ខ្លួន ដោយដកហូត​សព្វាវុធចាស់ៗហួសសម័យ​បោះចោល រួចបំពាក់មក​វិញនូវ​សព្វាវុធទំនើបៗ​ថ្មីៗ ដែលដើរទាន់​សម័យកាលនៃការប្រកួតប្រជែង​សព្វាវុធ លើ​ពិភពលោកនេះ។

សម្រាប់ការធ្វើសមយុទ្ធ​ដែនអាកាស​ខាងលើនេះ ត្រូវបានគេមើល​ឃើញថា ជាការបង្ហាញពីផលប្រយោជន៍ និងសមត្ថភាពរបស់ចិនលើសមុន ដែលបានមកពី​ការធ្វើទំនើបកម្ម​វិស័យយោធា ដូចជាការ​ហោះហើរ​យន្តហោះចម្បាំង​ប្រភេទថ្មី និងប្រព័ន្ធរារាំងការ​តាមដានសម្ងាត់ជាដើម។ ប្រទេសចិន​បានអះអាងថា ការធ្វើ​សមយុទ្ធរបស់ខ្លួន​កាន់តែលំបាក និងប្រកបដោយ​ភាពប្រាកដនិយមជាងមុន​ខ្លាំងផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានការណ៍នៅក្នុងតំបន់អាស៊ីបូព៌ាកំពុងតែតានតឹង ក្នុងនោះយើងអាចផ្តោតទៅលើ​ឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូងជាសំខាន់ ដែលទាំងអស់នេះសុទ្ធសឹងតែពាក់ព័ន្ធនឹងប្រទេសចិន ហើយចិនក៏គ្មានជម្រើសអ្វី ក្រៅពីការបង្កើនសមត្ថភាព​គ្រប់យ៉ាងរបស់ខ្លួន ដើម្បីទប់ទល់នឹង​ស្ថានការណ៍​ដ៏ពិបាកដោះស្រាយ​ទាំងនោះដែរ៕