(វ៉ាស៊ីនតោន)៖ អង្គជំនុំជម្រះនៃរដ្ឋធានីវ៉ាស៊ីនតោនបានផ្តន្ទាទោស ស្រ្តីជា​សកម្មជនម្នាក់ពីបទប្រព្រឹត្ត​ទង្វើខុសឆ្គងមិនសម​រម្យ​​​នៅក្នុងវិមានកាពីតូល បន្ទាប់​ពី​លោកស្រី​បានសើចចំអក​នៅក្នុងឱកាសសម្រេច​ទទួលស្គាល់​លោក Jeff Sessions ជា​អគ្គ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក ហើយ​​លោកស្រី​ទំនងជាអាចនឹងត្រូវ​ជាប់ពន្ធនាគាររយៈពេល​យ៉ាងតិច ១២ខែ។ នេះបើតាមការ​ចេញ​ផ្សាយ​​​ដោយ ​​សារ​​ព័ត៌​មាន​​​រុស្ស៊ី​ Russia Today (RT) នៅព្រឹកថ្ងៃសុក្រ​ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

លោកស្រី Desiree Fairooz វ័យ៦១ឆ្នាំ រួមជាមួយសមាជិក​ដទៃទៀតនៃ​ចលនាប្រឆាំងតវ៉ា Code Pink បានបង្ហាញវត្តមាន​នៅ​ក្នុង​ការ​ឱកាស​ នៃ​ការ​សម្រេច​​ទទួលស្គាល់​លោក Jeff Sessions កាលពីខែមករា​​កន្លងទៅនេះ ហើយស្របពេល​ដែល​ពិធីកំពុងតែប្រព្រឹត្ត​ទៅលោកស្រី Fairooz ក៏បានផ្ទុះសំណើច​ដោយពុំដឹងខ្លូន នៅពេលព្រឹទ្ធ​សមាជិកលោក Richard Shelby បានធ្វើការកោតសើរ​ស្ញប់ស្ញែង លោក Sessions ដោយពាក្យសម្តី​យ៉ាងដូច្នេះថា «លោក Jeff Sessions មានប្រវត្តិយ៉ាងល្អ​ឥត​ខ្ចោះ​ ជុំវិញការអនុវត្តន៍​ច្បាប់ដោយ​​ស្មើភាព ទៅលើជនរួមជាតិ​អាមេរិក»។  

គួរបញ្ជាក់ថា ភ្លាមៗនោះ​លោកស្រី Desiree Fairooz ត្រូវបានមន្រ្តីប៉ូលិស​សណ្តាប់ធ្នាប់នៅ​ក្នុងវិមានកាពីតូល នាំខ្លួនចេញ​​ជាបន្ទាន់ ហើយក្រោយមកទៀត​ក៏ត្រូវបានគេសម្រេច​ធ្វើការចោទប្រកាន់​ជាផ្លូវការ ដែលអាចធ្វើការផ្តន្ទាទោសលោកស្រី និងអ្នកតវ៉ា​ពីរនាក់ផ្សេងទៀត​ ដាក់ពន្ធនាគាររហូតដល់១២ខែឯណោះ៕