(សេអ៊ូល)៖ យោងតាមការបង្ហាញនៅលើគេហទំព័ររបស់ UN វិស័យនាំចេញធ្យូងថ្មរបស់ ប្រទេសកូរ៉េខាងជើង បានធ្លាក់​ចុះ​​យ៉ាងខ្លាំងកាលពីខែមីនាកន្លងទៅនេះ ធៀបទៅនឹង​បរិមាណសរុប​កាលពីមករា និងកុម្ភៈស្របពេលដែល​អង្គការពិភពលោក​​​​មួយ​នេះ​ កំពុងព្យាយាមខ្ទប់ដង្ហើម​សេដ្ឋកិច្ច​របស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសុក្រ​ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

នៅក្រោមសេចក្តីសម្រេច ដែលត្រូវបានដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កាលពីឆ្នាំមុនឆ្លើយតបចំពោះ ការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី០៥ របស់កូរ៉េខាងជើង បណ្តាប្រទេសជា​សមាជិកត្រូវ​បានស្នើឲ្យ​រាយការណ៍​ ដល់​​គណកម្មាធិការ​ទណ្ឌកម្ម UN អំពីបរិមាណ និងការចំណាយលើ​ការនាំចូលធ្យូងថ្ម​ ពីរដ្ឋកុម្មុយនិស្តមួយនេះ។

គួរបញ្ជាក់ថា ចំណាត់ការ​នាពេលនោះត្រូវបានធ្វើឡើង ក្នុងគោលបំណង​បង្កភាពរាំងស្ទះ ដល់ការជួញដូរធ្យូងថ្ម​របស់កូរ៉េ​ខាងជើង ដែលជាប្រភពចម្បង​នៃការហូរចូលរូបិយប័ណ្ណ សម្រាប់​ប្រើប្រាស់​ក្នុងការអភិវឌ្ឍ​កម្មវិធីនុយក្លេអ៊ែរ​ និង​មីស៊ីលផ្លោង​របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង។ ទោះបីជាមានទណ្ឌកម្មជាច្រើនព័ទ្ធជុំវិញខ្លួនក៏ដោយ ក៏កូរ៉េខាងជើងហាក់តែអាចរក្សាបានស្ថិរភាពដដែល ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ខណៈបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិក កំពុងតែរិះរកវិធីដាក់ទណ្ឌកម្ម​ថ្មីៗទៀតទៅលើកូរ៉េខាងជើង ដើម្បីឆ្លើយតបនឹងការបាញ់មីស៊ីលខុសច្បាប់ និងគំរោងធ្វើតេស្តនុយក្លេអ៊ែរ៕