(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបំពេញដំណើរទស្សនកិច្ចទៅកាន់ដែនកោះ​ជួរមុខចំនួនពីរ ដែលស្ថិតនៅភាគនិរតីកូរ៉េខាងជើងទល់មុខនឹងកូរ៉េខាងត្បូង ដោយលោកថែមទាំងបាន​អះអាងថា ប្រទេសកូរ៉េខាងជើងកំពុងតែរៀបចំផែនការ ក្នុងការវាយប្រហារកូរ៉េខាងត្បូងហើយ។ នេះបើ​តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មានរដ្ឋព្យុងយ៉ាង នាព្រឹកថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចនៅកោះ Jangjae និង Mu ដែលកងទ័ពកូរ៉េខាងជើង​កំពុងឈរ​ជើង និងស្ថិតនៅមិនឆ្ងាយពីកោះ Yeongpyeong របស់កូរ៉េខាងត្បូង ដែលបានទទួលរងការវាយប្រហារ​ដោយកាំភ្លើងធំរបស់កូរ៉េខាងជើង កាលពីចុងឆ្នាំ២០១០ ប៉ុន្មាននោះឡើយ។ កូរ៉េខាងជើងបានវាយប្រហារ​កោះ Yeongpyeong ដោយគ្មាននរណានឹកស្មានដល់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានសម្លាប់ជនស៊ីវិល និងទាហានកូរ៉េខាងត្បូងសរុប ០៤នាក់ ដែលវាត្រូវបានចាត់ទុកជាការ​វាយប្រហារដោយកាំភ្លើងលើកដំបូងបំផុត ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។

គួរបញ្ជាក់តាម​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើងថា លោក គីម ជុងអ៊ុន បានចេញបញ្ជា​ឲ្យកងទ័ពនៅ​ខ្សែត្រៀម​ជួរមុខលើកោះទាំងពីរ​ខាងលើនេះ ធ្វើការកំណត់មុខសញ្ញាទៅលើកោះរបស់កូរ៉េខាងត្បូង​ឲ្យបានជាប់លាប់ ហើយកម្លាំងប្រយុទ្ធ​ត្រូវតែត្រៀមជានិច្ច ដើម្បីទប់ទល់​នឹងសត្រូវ។ ការថ្លែងរបស់​លោក គីម បានធ្វើឡើង​បន្ទាប់ពីកូរ៉េខាងជើង​បានទទួលព័ត៌មានថា មានការចល័តទ័ព​នៅតាមព្រំដែន​កូរ៉េខាងត្បូង ហើយមេដឹកនាំ​វ័យក្មេងរូបនេះ ក៏គ្រោងដាក់ពង្រាយ​កាំភ្លើងធំ និងជើងទម្របាញ់គ្រាប់រ៉ុក្កែត​លើកោះទាំងពីរ​នោះដែរ៕