(វ៉ាស៊ីនតោន)៖ សភាអាមេរិកគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានអនុម័តលើច្បាប់ថ្មីមួយ ដែលនឹងលុប ចោលច្បាប់សុខាភិបាល Obamacare របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដោយដាក់ច្បាប់សុខាភិបាលថ្មីរបស់ លោក ដូណាល់ ត្រាំ។  នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

នេះអាចនិយាយបានថាជាជោគជ័យដ៏ធំ សម្រាប់លោក ដូណាល់ ត្រាំ បន្ទាប់ពីបរាជ័យម្ដងរួចមកហើយ ក្នុងការប៉ុនប៉ងបិទបញ្ចប់គោលនយោបាយ បន្សល់ទុកពីរដ្ឋបាលលោក អូបាម៉ា។ នៅក្នុងការបោះឆ្នោតនោះដែរ គណបក្សសាធារណរដ្ឋ បានទទួលជ័យជម្នះ ដោយទទួលបានសំឡេងគំាទ្រ ២១៧ ទល់នឹង ២១៣សំឡេង របស់ក្រុមអ្នកប្រជាធិបតេយ្យ​ បូករួមទំាងសមាជិកសភាសាធារណរដ្ឋជិត២០នាក់ ដែលជំទាស់នឹងច្បាប់ថ្មីនេះ។

ក៏ប៉ុន្តែ ផ្អែកលើសំឡេងគាំទ្រភាគច្រើននេះ ក្រុមអ្នកសាធារណរដ្ឋទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីបញ្ជូនច្បាប់នេះទៅកាន់ព្រឹទ្ធសភាអាមេរិក ពិចារណា និងអនុម័ត នៅប៉ុន្មានសប្ដាហ៍ខាងមុខ ទៀតនេះ៕​