(វ៉ាស៊ីនតោន)៖ នៅក្នុងដំណើរបំពេញទស្សនកិច្ច នៅឯក្រៅប្រទេសជាលើកដំបូង ​របស់ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ នាចុងខែឧសភា នេះ នឹងរួមបញ្ចូលការធ្វើទស្សនកិច្ចនៅបុរីវ៉ាទីកង់, អ៊ីស្រាអែល, និងព្រះរាជាណា​ចក្រអារ៉ាប៊ី សាអូឌីត។ នេះបើតាម​ការឲ្យដឹងពីមន្រ្តីប្រចាំ នៅសេតវិមាន ដែលត្រូវបានដកស្រង់​ដោយស្ថានីយ៍​ទូរទស្សន៍ CNN នៅយប់ថ្ងៃ​ព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

គោលដៅថ្មីខាងលើនេះ គឺជាការបន្ថែមទៅលើការចូលរួមកិច្ចប្រជុំអង្គការ NATO របស់លោក ដូណាល់ ត្រាំ នៅក្នុងទីក្រុង​ព្រុចសែល នៃប្រទេសប៊ែលហ្សិក នាថ្ងៃទី២៥ ខែឧសភា និងកិច្ចប្រជុំ G7 នៅឯប្រទេសអ៊ីតាលីនាថ្ងៃទី២៦ ខែដដែល។ ​គិត​​មកទល់ពេលនេះលោក ត្រាំ បានដាក់បន្ទុកនៃការបំពេញ ទស្សនកិច្ច នៅក្រៅប្រទេស ទៅលើទីប្រឹក្សាក៏​ដូច​ជា មន្រ្តី​រដ្ឋា​ភិ​បាល​ជាន់ខ្ពស់របស់លោក រួមមានទាំងអនុ​ប្រធានាធិបតីអាមេរិកលោក Mike Pence, ទីប្រឹក្សាសន្តិសុខជាតិលោក H.R. McMaster, រដ្ឋមន្រ្តីការបរទេសលោក Rex Tillerson, និងរដ្ឋមន្រ្តីការពារជាតិលោក James Mattis។

យោងតាមទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក ទោះបីជាចាប់តាំងពីពេលឡើងកាន់អំណាច​មក​​លោក ដូណាល់ ត្រាំ ពុំបានធ្វើដំណើរទៅ បំពេញទស្សនកិច្ចនៅឯក្រៅប្រទេសយ៉ាងណាក្តី ពួកគេបានទទូចថាលោក​ ត្រាំ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើការសម្រេចកិច្ច ព្រមព្រៀងជាមួយមេដឹកនាំបរទេស ដើម្បី​​​កសាងពិភពលោកដែលពោរពេញដោយសន្តិភាព និងសុខសុវត្ថិភាពជាងមុន ដោយបានចង្អុលបង្ហាញអំពីការ មកបំពេញ​ទស្សនកិច្ចនាពេលថ្មីៗនេះ របស់មេដឹកមួយចំនួននៃបណ្តាប្រទេសជុំវិញពិភពលោក រួមមានទាំងប្រធានាធិបតី​ប៉ា​ឡេ​ស្ទីន​លោក Mahmoud Abass ថែមទៀតផងនោះ ថាជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា លោក ត្រាំ បានជះឥទ្ធិពលទៅ​លើ​កិច្ច​ការក្រៅប្រទេសពីក្នុងសេតវិមាន៕