(ឡុងដ៏)៖ ព្រះអង្គម្ចាស់ Philip ដែលជាព្រះស្វាមីរបស់ម្ចាស់ក្សត្រីអង់គ្លេស Elizabeth ទីពីរបានសម្រេចព្រះទ័យចូលនិវត្តន៍ហើយ នៅរដូវស្លឹកឈើជ្រុះ​នៅក្នុងឆ្នាំ២០១៧នេះ ខណៈទ្រង់នឹង​ត្រូវប្រារព្ធពិធី​ចំរើនព្រះជន្មគំរប់ ៩៦ព្រះវស្សា នៅថ្ងៃទី១០ ខែមិថុនាខាងមុខនេះ។ នេះបើតាមប្រភពពីព្រះបរមរាជវាំង Buckingham ដកស្រង់ដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

ព្រះបរមរាជវាំង Buckingham នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានបញ្ជាក់ដូច្នេះថា «ព្រះអង្គម្ចាស់ Philip បានសម្រេចព្រះទ័យ​ចូលនិវត្តន៍ ដោយទ្រង់​នឹងមិនដឹកនាំ​រាជកិច្ចជាសាធារណៈ​ទៀតនោះទេ ចាប់ពីរដូវស្លឹក​ឈើជ្រុះ​ក្នុងឆ្នាំនេះតទៅ តែទ្រង់បាន​សម្ដែងការគាំទ្រ​ទំាងស្រុងចំពោះម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងការបំពេញ​រាជកិច្ចបន្ត បើទោះជាមាន​ព្រះជន្ម ៩២ព្រះវស្សា ទៅហើយក៏ដោយ»។

គួរបបញ្ជាក់ថា មូលហេតុ​ជាក់លាក់នៃការសម្រេច​ព្រះទ័យបែបនេះ ពុំទាន់ត្រូវបានគេ​ឱ្យដឹងឡើយ ក៏ប៉ុន្តែវាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការលេចលឺព័ត៌មានថា ក្រុមមន្ត្រីព្រះបរមរាជវាំង​ទាំងអស់ ត្រូវបានកោះប្រជុំ​ជាបន្ទាន់នៅឯ Buckingham ពាក់ព័ន្ធនឹងពាក្យចចាមអារាមជាច្រើន នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម​ថា ព្រះអង្គម្ចាស់ក្សត្រី Elizabeth ទីពីរ និងព្រះអង្គម្ចាស់ Philip មានបញ្ហាព្រះរាជ​សុខភាព តែព័ត៌មាននេះត្រូវបាន​ខាងព្រះបរមរាជវាំងអង់គ្លេសច្រានចោល៕