(ម៉ូស៊ូល)៖ កងទ័រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលកំពុងប្រយុទ្ធតទល់យ៉ាងស្វិតស្វាញ​ ជាមួយក្រុមសកម្មប្រយុទ្ធ ISIS នៅពេលនេះ​​បានចាប់ផ្តើមបន្តការ​សម្រុកទៅមុខជាថ្មីម្តងទៀត នៅតំបន់ចុងភាគពាយ័ព្យ នៃមូលដ្ឋាន​ស្នូលរបស់ក្រុម ISIS ដែលស្ថិតនៅប៉ែក​ខាងលិច​ទីក្រុងម៉ូស៊ូល។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

យោងតាមប្រភពពី​យោធាប្រទេស​អ៊ីរ៉ាក់ កងកម្លាំងប្រតិកម្ម​ពិសេសនៃប៉ូលិស​សហព័ន្ធ និងកងទ័ព​ជើងគោក​អ៊ីរ៉ាក់ នាវេលាម៉ោង​​៦៖០០​​ទីនាទីព្រឹក​ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុង​ទីក្រុងម៉ូស៊ូល) បានរុលចូលទៅកាន់តំបន់ Mushairfah, Kanisah, និង Harmat ដែលស្ថិត​នៅចុងភាគពាយ័ព្យ​នៃប៉ែកខាងលិច​របស់ទីក្រុង​ម៉ូស៊ូល និងបានប៉ះទង្គិចគ្នា​យ៉ាងខ្លាំង​ក្លា​ជាមួយក្រុម​សកម្មប្រយុទ្ធ ISIS នៅក្នុងរយៈពេល​ប៉ុន្មានម៉ោង​កន្លងផុតទៅនេះ។

គួរបញ្ជាក់ថា ការបោះជំហានថ្មីនេះ នឹងជួយដល់​កងកម្លាំងពិសេស​ នៃទីភ្នាក់ងារបង្រ្កាប​ភេរវកម្ម និងប៉ូលិសសហព័ន្ធ​​របស់​ក្រសួង​មហាផ្ទៃ ដែលកំពុងតែជួប​ភាពរាំងស្ទះ​នៅផ្នែកភាគ​ខាងត្បូង នៃតំបន់ភាគខាងលិច​ទីក្រុងម៉ូស៊ូល ដោយសារតែ​​​ចលនាប្រឆាំង​យ៉ាងខ្លាំងក្លា​របស់ក្រុម ISIS នៅតាមតំបន់​ទីប្រជុំជន ជាទីដែលប្រជាជន​ប្រមាណ ៤០០,០០០​នាក់ ​ត្រូវ​គេបាន​ជឿជាក់ថា នៅតែបន្តជាប់ខ្លួន​នៅក្រោមការគ្រប់គ្រងរបស់ ISIS៕