(ឡុងដ៏)៖ គ្មានអ្វីកើតឡើងចំពោះព្រះរាជសុខភាព របស់ព្រះមហាក្សត្រី Elizabeth ទីពីរ និងព្រះស្វាមីព្រះអង្គម្ចាស់ Philip នោះទេ បន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំងទំាងអស់ ត្រូវបានកោះប្រជុំជាបន្ទាន់ នៅឯព្រះបរមរាជវាំង Buckingham និងមានបែកធ្លាយពាក្យចចាមអារាម​មួយចំនួននៅតាមបណ្តាញសង្គមនានា។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

ដោយឡែក​បើតាមសារព័ត៌មាន Daily Mail ក្រុមមន្ត្រីព្រះបរមរាជវាំង​ទាំងអស់ ត្រូវបានកោះប្រជុំ​ជាបន្ទាន់នៅ Buckingham ក្រោយមាន​ពាក្យចចាមអារ៉ាម​ជាច្រើន​រីកសាយភាយ​នៅលើបណ្ដាញទំនាក់ទំនង​សង្គមថា​ ម្ចាស់ក្សត្រី Elizabeth ទីពីរ និងព្រះអង្គម្ចាស់ Philip មានបញ្ហាព្រះរាជសុខភាព។ ទន្ទឹមគ្នាខាងព្រះបរមរាជវាំង មិនបានធ្វើ​ការអត្ថាធិប្បាយ​អ្វីឡើយ​ ដោយគ្រាន់តែ​អះអាងថា កិច្ចប្រជុំរបៀបនេះ​ត្រូវធ្វើឡើងម្ដងម្កាល​តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ ព្រះអង្គម្ចាស់ក្សត្រីយ៍ Elizabeth ទីពីរ ទើបតែប្រារព្ធពិធី​ចំរើនព្រះជន្ម ៩១ព្រះវស្សា កាលពីខែមេសា រីឯព្រះអង្គម្ចាស់ Philip នឹងឈានចូលដល់ព្រះជន្ម ៩៦ព្រះវស្សា​នៅខែក្រោយនេះដែរ៕