(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ Mehr បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៣៥នាក់ បានស្លាប់ និងប្រមាណ៥០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះអណ្ដូងរ៉ែ Zemestanyurt ស្ថិតនៅភាគឦសាននៃខេត្ត Golestan ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាម​ការចេញ​ផ្សាយដោយ សារព័ត៌មាន Sputnik ​នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

ប្រភពដដែល​បានឱ្យដឹង​ទៀតថា ហេតុការណ៍ផ្ទុះ​ខាងលើ​បានកើតឡើង​កាលពីថ្ងៃពុធ ដោយបណ្ដាល​ឱ្យកម្មកររ៉ែ​ ៩០នាក់ ត្រូវជាប់គាំង​នៅក្រោម​អណ្ដូងរ៉ែ រីឯមនុស្ស​២០នាក់​ត្រូវបានជម្លៀស និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមនុស្ស​២៥នាក់​ផ្សេងទៀត ដែលព្យាយាម​ជួយអ្នកជាប់នៅ​ក្រោមអណ្ដូងរ៉ែ ក៏ត្រូវបាន​បញ្ជូនទីកាន់មន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា អណ្ដូងរ៉ែ Zemestanyurt មានកម្មករជិត ៥០០នាក់ កំពុងបម្រើការនៅទីនោះ ហើយមូលហេតុដែលនាំឲ្យផ្ទុះឧស្ម័ននៅក្នុងអណ្ដូងរ៉ែ ក៏ពុំទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ៕