(ម៉ូស្គូ)៖ ក្រុមប្រឆាំង​ប្រដាប់ដោយអាវុធនៅប្រទេសស៊ីរី នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ​នឹងវិលត្រឡប់ទៅ​ចូលរួមកិច្ចចរចា​ស្តីពីការ​ដោះ​ស្រាយ​បញ្ហាជម្លោះដ៏រ៉ាំរ៉ៃ​ នៅក្នុងប្រទេស​មជ្ឈិមបូព៌ា ដែលបាននិង​កំពុងតែប្រព្រឹត្តទៅ​នៅក្នុងរដ្ឋធានី​អាស្តាណា នៃប្រទេស​កា​ហ្សាក់ស្តង់ ក្រោយពីបានប្រកែកថា ខ្លួននឹងមិនចូលរួមទេនោះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

យ៉ាងណាមិញ​ទោះបីជាទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី RIA ដែលតាមដានព័ត៌មានជាក់លាក់ចំពោះ​កិច្ច​ចរ​ចា​​គ្នា​បានធ្វើសេចក្តី​រាយការណ៍ថា ក្រុមឧទ្ទាមប្រដាប់​អាវុធស៊ីរីនឹង​ត្រឡប់​ចូលមកអង្គុយ​នៅតុចរចាវិញ​យ៉ាងណាក៏ដោយ ក៏ប្រភពការទូត​​មិន​បញ្ចេញអត្តសញ្ញាណ​មួយផ្សេងទៀត បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងទីក្រុងអាស្តាណាផ្ទាល់ថា ប្រតិភូនៃក្រុមឧទ្ទាម​ពុំទាន់បានធ្វើដំណើរ​មកដល់កន្លែង​ជួបជុំនៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមប្រឆាំង​ប្រដាប់អាវុធស៊ីរី បានឲ្យដឹងនា​ថ្ងៃពុធម្សិលមិញ​នេះថា ខ្លួនបានសម្រេច​ផ្អាកការចូលរួម​នៅក្នុង​កិច្ចចរចា​សន្តិភាព​ខាងលើ​នេះឡើយ និងបានទាមទារ​ឲ្យបញ្ឈប់ការ​ទម្លាក់គ្រាប់បែប​របស់រដ្ឋាភិបាល ទៅលើតំបន់​នានា​ដែលស្ថិត​ក្រោមការគ្រប់គ្រង​របស់ខ្លួន៕