(សេអ៊ូល)៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង​ លោក Hwang Kyo-ahn បានចេញបញ្ជាឲ្យ​មន្ត្រីជាន់ខ្ពស់​ដែល​ពាក់ព័ន្ធ ធ្វើការបង្កើនសន្តិសុខ​របស់ប្រទេសជាតិ នៅអំឡុងយុទ្ធនាការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ថ្មី ចំពោះមុខការគំរាមកំហែងសន្តិសុខ​ដោយកូរ៉េខាងជើងឥតឈប់ឈរ។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយពីសារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

លោក Hwang បានបញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍​មួយយ៉ាងដូច្នេះថា «ខ្ញុំបញ្ជា​ក្រសួង​ការពារជាតិ ក្រសួងការបរទេស និងក្រសួងពាក់ព័ន្ធ​ដទៃៗទៀត ធ្វើការបង្កើនកម្រិតការពារសន្តិសុខ​ខ្ពស់របស់យើង​ដែលមានស្រាប់ឲ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងស្ថានការណ៍ដ៏ផុយស្រួយនេះ មុនពេលការបោះឆ្នោត​ប្រធានាធិបតីជិតមកដល់ ព្រមទាំងធ្វើការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយនឹងសហគមន៍អន្តរជាតិ»

ការលើកឡើងរបស់លោកប្រធានធិបតី​ស្តីទីខាងលើនេះ ក៏បានសង្កត់ធ្ងន់​ផងដែរទៅលើ​សកម្មភាព​របស់​ទីក្រុងព្យុងយ៉ាង ដែលនៅតែបន្ត​ការបង្កហេតុ​ឥតឈប់ឈរ ហើយវាពិតណាស់ថា សន្តិសុខក្នុងតំបន់​ឧបទ្វីបកូរ៉េ​កំពុងតែរងការ​គំរាមកំហែង។ កូរ៉េខាងត្បូង​ក៏បានព្រមាន​ផងដែរថា សកម្មភាពបង្កហេតុរបស់​កូរ៉េខាងជើងណាមួយបន្ថែមទៀតនោះ វានឹងក្លាយជាការបន្ថែមទណ្ឌកម្មថ្មីៗទៀតលើខ្លួនឯង ដែលប្លែកខុសពីប្រទេសនេះធ្លាប់ទទួលរង កាលពីលើកមុនៗ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង នឹងរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី០៩ ខែឧសភា ចុងសប្តាហ៍នេះ ខណៈដែលលោក Moon Jae In គឺជាបេក្ខជននាំមុខគេ ដែលក្រុមអ្នកវិភាគជឿជាក់ថា ជាអ្នកឈ្នះឆ្នោតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដែលមានអាណត្តិ ០៥ឆ្នាំ៕