(វ៉ាស៊ីនតោន)៖ ទីបញ្ជាការដ្ឋាននៃកងកម្លាំងប្រតិបត្តិការពិសេសអាមេរិក កំពុងតែធ្វើការហ្វឹកហាត់​យ៉ាងសកម្ម ដើម្បីធានា​ឲ្យបាន​ពីសមត្ថភាព​នៃការត្រៀមខ្លួនបញ្ចេញប្រតិបត្តិការ​បន្ទាន់ៗនានា នៅតំបន់​ឧបទ្វីបកូរ៉េ​ ជា​ទីដែលកង​អង្គភាពពិសេសនេះ អាចនឹងដើរតួនាទី​យ៉ាងសំខាន់​នៅក្នុងការទប់ទល់​ អាវុធប្រល័យលោករបស់កូរ៉េខាងជើង។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

ការគូសបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងដោយលោកមេបញ្ជាការ Raymond Thomas នៅក្នុងសេចក្តីថ្លែងការណ៍មួយ ​សម្រាប់​​​កិច្ចប្រជុំគណកម្មាធិការ​សព្វាវុធនៃព្រឹទ្ធសភា​អាមេរិក។ សេចក្តីថ្លែងការណ៍នេះ​បានបន្ថែមថា ការគំរាមកំហែង​នៃ​ប្រទេស​​កូរ៉េខាងជើង​ដ៏រឹងទទឹង បានបង្កជាក្តីព្រួយបារម្ភ​កាន់តែខ្លាំងឡើង​ចំពោះរូបលោក ហើយការគំរាមកំហែង​នេះមិនមែន​មានតែ​នៅក្នុង​តំបន់នោះ​ឡើយ ប៉ុន្តែជះឥទ្ធិពល​ទូទាំងពិភពលោក​ទាំងមូល។

លោក Thomas បាននិយាយថា «ជាការឆ្លើយតប​ទីបញ្ជាការ​ប្រចាំតំបន់ប៉ាស៊ីហ្វិក​ របស់សហរដ្ឋអាមេរិក (USPACOM) និង​​កង​​ទ័ព​​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង (USFK) កំពុងផ្តោតសំខាន់​ទៅលើការពង្រឹង​ និងរក្សាសមត្ថភាពប្រយុទ្ធ​នៅក្នុងតំបន់ រួមទាំងការធានា​ឲ្យបាននូវដំណោះស្រាយឥតរុញរា នៅចំពោះមុខ​សកម្មភាពបង្ករឿងជាច្រើនផ្ទួនៗគ្នា ក៏ដូចជា​ការ​រឹត​បន្តឹងភាព​ជាដៃគូសហការ​ជាមួយបណ្តាសម្ព័ន្ធមិត្ត​ ដ៏ជិតស្និទ្ធបំផុតរបស់យើង»

ជាចុងបញ្ចប់​លោក Raymond Thomas បានបញ្ជាក់យ៉ាង​ដូច្នេះថា «ហេតុនេះហើយ យើងកំពុងតែ​បន្តធ្វើការហ្វឹកហាត់​​យ៉ាងសកម្ម​ជាទីបំផុត ដើម្បីពង្រឹង​សមត្ថភាព​ត្រៀមខ្លួន នៅក្នុងប្រតិបត្តិការ​បន្ទាន់ផ្សេងៗ រួមទាំងសមត្ថភាព​នៃ​​ការ​​ទប់​ទល់ជា​មួយអាវុធប្រល័យ​លោក (CWMD) ថែមទៀតផង ដែលប្រហែល​ជាអាចដើរតួនាទី​យ៉ាងសំខាន់»