(សេអ៊ូល)៖ សហរដ្ឋអាមេរិក​បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ទណ្ឌកម្មបន្ថែម ក្នុងនោះរួមមានទំាង ការដាក់សម្ពាធ​លើប្រទេសពាក់ព័ន្ធដទៃទៀត ឲ្យចូលរួមអនុវត្តន៍ការដាក់ទណ្ឌកម្ម​ក្រោមក្របខណ្ឌ UN ប្រឆាំងកូរ៉េខាងជើង រហូតដល់របបដឹកនាំ លោក គីម ជុងអ៊ុន មានឆន្ទៈត្រឡប់មក​រកកិច្ចចរចាស្ដីពីការ បោះបង់ចោលកម្មវិធី​អាវុធនុយក្លេអ៊ែរ។ នេះបើតាមរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បត៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សារមួយផ្ញើ​ទៅកាន់ក្រសួង​ការងារអាមេរិក លោក រិច ធីល្លឺសុន បានលើកឡើង​យ៉ាងដូច្នេះថា «យើងកំពុងរៀបចំ​ការដាក់ទណ្ឌកម្ម​បន្ថែម ព្រមទំាងនឹងជំរុញផងដែរ​ឱ្យបណ្ដាប្រទេស​ពាក់ព័ន្ធ​ ចូលរួមអនុវត្តន៍​ទណ្ឌកម្ម UN លើកូរ៉េខាងជើង។ ដូច្នេះយើង​សង្ឃឹមថា របបដឹកនាំ​កូរ៉េខាងជើង នឹងគិតគូរ​យ៉ាងល្អិតល្អន់​ពីរឿងនេះ ក៏ដូចជាត្រឡប់​មករកផ្លូវដោះស្រាយ​បញ្ហាសាជាថ្មី»

ទោះបីជាមិននិយាយចំឈ្មោះចិនក្តី រដ្ឋមន្ត្រីការបរទេស​អាមេរិករូបនេះ បានព្រមាន​បណ្ដាប្រទេស ដទៃទៀតថា សហរដ្ឋអាមេរិក​នឹងឃ្លំាមើល ការអនុវត្តន៍​ការដាក់ទណ្ឌកម្ម​របស់ពួកគេ។ «នៅពេលដែល យើងឃើញ​អ្នកមិនបាន​អនុវត្តន៍ ចូលរួម ឬក៏រំលោភ​លើការដាក់​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង (...) នោះយើងនឹង​ទាក់ទងអ្នក ហើយយើងនឹង​សុំឱ្យអ្នកគិតគូរ​ពីរឿងនេះ។ តែបើអ្នកមិនអាច ឬមិនចង់ គិតគូរពីវា ដោយសារតែ​ហេតុផលនយោបាយ​ផ្ទៃក្នុងរបស់អ្នក យើងនឹងដាក់​ទណ្ឌកម្ម​លើពួកអ្នក តាមរយៈទណ្ឌកម្ម​ប្រទេសទី០៣»។ នេះគឺជាសម្ដីរបស់ លោក ធីល្លឺសុន។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញមួយចំនួន ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធលើកូរ៉េខាងជើង គឺជាកំហុសមួយដ៏ធំរបស់រដ្ឋាភិបាលអាមេរិក ត្បិតការធ្វើបែបនេះ​នឹងធ្វើឱ្យទីក្រុង​ព្យុងយ៉ាង កាន់តែច្បាស់​នៅក្នុងចិត្តថា បើមិនចង់មាន​ជោគវាសនា ដូចលីប៊ី និងអ៊ីរ៉ាក់ ខ្លួនត្រូវតែ​មានអាវុធនុយក្លេអ៊ែរ និងមីស៊ីល​ឆ្លងទ្វីបជាដាច់ខាត ដើម្បីមានទឹកមាត់​ប្រៃនិយាយជាមួយ​ទីក្រុងវ៉ាស៊ីនតោន ឬទប់ទល់ការ​ឈ្លានពាន​នៅថ្ងៃណាមួយ៕