(វ៉ាស៊ីនតោន)៖ នាយកការិយាល័យ​ស៊ើបអង្កេតសហព័ន្ធ​អាមេរិក FBI​ James Comey បាននិយាយដោយ​បើកចំហ នៅចំពោះមុខព្រឹទ្ធសភាអាមេរិកថា រុស្ស៊ីគឺជាប្រទេសដែល​ការ​គំរាមកំហែង​ដ៏ធំដល់បណ្ដាប្រជាជាតិទំាងអស់​​នៅលើពិភពលោក រួមទំាងដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះរបស់ លោក James Comey ធ្វើឡើងនៅ​ក្នុងសវនាការ​ស្ដាប់ ចំពោះមុខ​គណៈកម្មាធិការ​យុត្តិធម៌​ព្រឹទ្ធសភា​អាមេរិក​កាលពីថ្ងៃពុធ ហើយនៅពេលនោះដែរ ព្រឹទ្ធសមាជិកមកពីរដ្ឋ South Carolina លោក Lindsey Graham បានសួរនាយក FBI រូបនេះថា តើរុស្ស៊ីគឺជា​ការគំរាមកំហែង ប្រភេទណា​ដល់ដំណើរការ​លទ្ធិប្រជាធិបតេយ្យ? លោក Comey បានតបដោយ​ឥតស្ទាក់ស្ទើរ​ដូច្នេះថា «ក្នុងគំនិតរបស់ខ្ញុំ រុស្ស៊ីគឺជាការគំរាមកំហែង​ដ៏ធំបំផុតសម្រាប់បណ្ដាប្រជាជាតិទំាងអស់ នៅលើពិភពលោក រួមទំាង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុងសហរដ្ឋអាមេរិក»

ទោះបីជាយ៉ាងនេះក្ដី នៅពេលមានការសួរ​ពាក់ព័ន្ធនឹងរឿងស៊ើបអង្កេត លើទំនាក់ទំនងរវាងក្រុម​ការងារយុទ្ធនាការឃោសនា​បោះឆ្នោត របស់លោក ដូណាល់ ត្រាំ និងទីក្រុងម៉ូស្គូ លោក Comey ខ្លួនឯង​មិនបានបញ្ជាក់​ចំឈ្មោះ ហើយក៏មិនបាន​និយាយអ្វីច្រើនដែរ​ក្រៅតែពីបញ្ជាក់ថា ការស៊ើបអង្កេត​កំពុងដំណើរការ​នៅឡើយ។

គួររំលឹកថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក​ចាប់ផ្ដើមតានតឹង​ជាថ្មី បន្ទាប់ពី​រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានចោទថា​​ រុស្ស៊ីបាន​លូកដៃចូលក្នុង​កិច្ចការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​ កាលពីឆ្នាំ២០១៦ ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោត​ព្រមទំាងបាន​បណ្ដេញមន្ត្រីទូត​រុស្ស៊ីជាច្រើន​នាក់ ចេញពី​សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ​មកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនមិនទាន់បាន​បង្ហាញភស្ដុតាង​ជាក់លាក់ថា រុស្ស៊ីពិតជា​បានចូល Hack​ លទ្ធផលបោះឆ្នោតនៅឡើយ​នោះទេ៕