(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃពុធនេះ បានប្រកាសអំពីផែនការដើម្បីព្យាយាមស្វែងរក​ការ​ ផ្លាស់​ប្តូរជាលើកដំបូងពុំធ្លាប់មាន ទៅលើរដ្ឋធម្មនុញ្ញសន្តិភាពនិយម នៅក្រោយសម័យសង្រ្គាម ហើយលោកបានបង្ហើបថាចង់​ឲ្យកំណែប្រែនេះចូលជាធរមាននៅក្នុងឆ្នាំ២០២០ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

លោក ស៊ីនហ្សូ អាបេ បានលើកឡើងថា រូបលោកមានគោលបំណងចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឲ្យបាននៅក្នុងឆ្នាំ២០២០ នៅពេលដែលទីក្រុងតូក្យូ នឹងក្លាយជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវក្តៅ។ «ខ្ញុំចង់ធ្វើឲ្យឆ្នាំ២០២០ ក្លាយជាពេលដែល​រដ្ឋ​ធម្មនុញ្ញាថ្មីចូលជាធរមាន»។ នេះគឺជាសម្តី របស់លោក អាបេ ដោយពុំបានរៀបរាប់លម្អិតបញ្ជាក់អ្វីទៀតនោះឡើយ​។

គម្រោងផ្លាស់ប្តូរ ដែលនឹងធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ អំពីតួនាទីក៏ដូចជាឋានៈ នៃកងកម្លាំងស្វ័យការពារជាតិរបស់ ប្រទេសអាស៊ីខាងកើតមួយនេះ នាពេលអនាគត ត្រូវបានប្រកាសឡើង ស្របពេលដែលជប៉ុនបានប្រារព្ធពិធីគម្រប់​​៧០ឆ្នាំនៃការបង្កើតរដ្ឋធម្មនុញ្ញ ដែលចារដោយសហរដ្ឋអាមេរិក។ រដ្ឋធម្មនុញ្ញដែលបានបោះបង់ចោលសិទ្ធិជប៉ុន ក្នុងការ​ធ្វើសង្រ្គាមនេះ ត្រូវបានគាំទ្រដោយក្រុមវឌ្ឍន៍ជនថាជានិមិត្តរូបនៃសន្តិភាពដែលបានកើតចេញ ឡើងពីការទទួល​បរា​ជ័យ​របស់ប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទីពីរ៕