(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖

១៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ខ្លាំងមួយ នៅក្បែរស្ថានទូតអាមេរិក ប្រចំាទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្ស ០៨នាក់ និង២៨នាក់ផ្សេងទៀត រងរបួស។ ការវាយប្រហារនេះ មានគោលដៅទៅលើក្បួនរថយន្ដដឹកបុគ្គលិក របស់អង្គការណាតូ ហើយវាបានកើត ឡើង ក្រោយក្រុមឧទ្ទាមតាលីបង់ គំរាមវាយប្រហារសងសឹកប្រឆាំងនឹងកងទ័ពបរទេស នៅអាហ្វហ្គានីស្ថាន។

២៖ នៅទីបំផុតទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី០៣ ខែឧសភានេះ បានទទួលស្គាល់ហើយថា ទីក្រុងព្យុងយ៉ាងពិតបាន ចាប់ និងឃុំខ្លួនពលរដ្ឋអាមេរិកម្នាក់ឈ្មោះ Sang-duk Kim ក្រោមបទចោទប្រកាន់ថា បានធ្វើសកម្មភាពប្រឆាំងចង់ផ្ដួលរំលំរដ្ឋាភិបាល លោក គីម ជុងអ៊ុន។ រីឯក្រុមអ្នកជំនាញបែរជាយល់ថា កូរ៉េខាងជើង អាចនឹងប្រើប្រាស់ការចាប់ខ្លួនពលរដ្ឋអាមេរិក ដើម្បីចរចាជាមួយសហរដ្ឋអាមេរិក នៅពេល អនាគត។

៣៖ កងកម្លាំងបង្រ្កាបភេរវកម្មម៉ាឡេស៊ី នៅចន្លោះថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០៦ នាក់ ក្រោមបទចោទប្រកាន់ថា បានចូលរួមក្នុងសកម្មភាពទាក់ទងជាមួយនឹង ក្រុមសកម្មប្រយុទ្ធ ISIS។

៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានឯកភាពគ្នាដើម្បីចូលរួមកិច្ចសហប្រតិបត្តិការលើការលើក កម្ពស់ការវិវឌ្ឍន៍ផ្នែកការទូត ក្នុងការដោះស្រាយភាពតានតឹង នៅតំបន់ឧបទ្វីបកូរ៉េ ក៏ដូចជានៅប្រទេសស៊ីរី។ ការឯកភាពគ្នានេះធ្វើឡើងនៅក្នុងកិច្ច ពិភាក្សាគ្នាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ។

៥៖ បើទោះជាដឹងថា ប្រជាប្រិយភាពរបស់ខ្លួនកំពុងធ្លាក់ចុះក៏ដោយ ក៏បេក្ខនារីប្រធានាធិបតីបារាំង លោកស្រី Marine Le Pen នៅតែប្រកាន់គោល ជំហរដដែលថា លោកស្រី នឹងរៀបចំការបោះឆ្នោតប្រជាមតិ ឱ្យបារំាងចាកចេញពី សហភាពអឺរ៉ុប ហើយងាកមកចាយលុយហ្រ្វង់ Franc វិញបើសិន ជាលោកស្រី ជាប់ឆ្នោតជាប្រធានាធិបតីបារាំង នៅក្នុងការបោះឆ្នោតជុំទី០២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ខាងមុខនេះ។

៦៖ កងកម្លាំងយោធា ឥណ្ឌានាពេលថ្មីៗនេះ បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីល​ ប្រភេទ​ជំនាន់ថ្មី Cruise Missile មានឈ្មោះថា Brahmos ដែលទើបតែត្រូវបាន​បង្កើន​សមត្ថភាពយ៉ាង​ទំនើបលើសមុនៗ៕