(ម៉ានីល)៖ ហ្វីលីពីន​បានត្រៀមខ្លួនរួចហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីវិស័យ ការពារជាតិ និងសន្តិសុខជាមួយរុស្ស៊ី នាឱកាស​ដែលប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បំពេញទស្សនកិច្ច​ទៅកាន់ ទីក្រុងម៉ូស្គូនៅក្នុងខែនេះ។ នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាល​ហ្វីលីពីន ដកស្រង់ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួរ នៅល្ងាចថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

ជុំវិញដំណើរ​ទស្សនកិច្ចនេះដែរ ក្រសួងការបរទេសហ្វីលីពីនបានឱ្យដឹងថា រដ្ឋមន្ត្រី​ការពារជាតិ លោក Delfin Lorenzana បានជួបពិភាក្សាការងារ​ជាមួយសមភាគីរុស្ស៊ី លោក Sergey Shoygu នៅក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិ​លើកទី០៦ នៅឯទីក្រុងម៉ូស្គូកាលពីថ្ងៃទី២៦ ខែមេសា ហើយដែល នេះអាចនិយាយបានថា វាគឺជាជំនួប​លើកដំបូង​រវាងអ្នកពីរ។

ជាងនេះទៅទៀត លោក Lorenzana និង លោក Shoygu ក៏បានសាទរ​ផងដែរ ចំពោះការអភិវឌ្ឍន៍ ជាលក្ខណៈវិជ្ជមាន​នៃទំនាក់ទំនងទ្វេភាគី ក៏ដូចជា​ការព្រមព្រៀង​គ្នាបង្កើនកិច្ចសហប្រតិបត្តិការ​ លើវិស័យសន្តិសុខ និងការពារជាតិ​រវាងប្រទេសទំាង​ពីរផងដែរ។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក ឌូតឺតេ នឹងបំពេញទស្សនកិច្ច​ទៅកាន់ទីក្រុងម៉ូស្គូ នៅក្នុងខែឧសភានេះ នៅក្នុងបរិបទ​ដែលលោកកំពុង​ព្យាយាម ស្វែង​រកនយោបាយ​ការទូតឯករាជ្យ​មួយ ដោយមិនចាំបាច់​ពឹងផ្អែកតែទៅ​លើសហរដ្ឋអាមេរិក តាមរយៈការបោះដៃ​ទៅរកចិន និងរុស្ស៊ី៕