(ញូដេលី)៖ កងកម្លាំងយោធានៃប្រទេសឥណ្ឌានាពេលថ្មីៗនេះ បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីល​ជាប្រភេទ​ Cruise Missile មានឈ្មោះថា Brahmos ដែលជាជំនាន់ថ្មី ដោយទើបតែត្រូវបាន​បង្កើន​សមត្ថភាពយ៉ាង​ទំនើបលើសមុនៗ។ នេះបើ​តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

គ្រូសមីស៊ីល (Cruise Missile) សម្រាប់វាយប្រហារ​ប្រឆាំងនឹងគោលដៅ​នៅលើផ្ទៃដី Brahmos នេះ ត្រូវបានបាញ់​សាក​ល្បងចេញពី​ប្រជុំកោះ Andaman និង​ Nicobar។ ការកំណត់គោលដៅ​ពីផ្ទៃដី​ទៅកាន់ផ្ទៃដី​របស់មីស៊ីលខាងលើនេះ ត្រូវបានធ្វើ​ឡើងពីជើងទម្រ​បាញ់បង្ហោះចល័ត​ដោយស្វ័យប្រវត្តិ។ មន្រ្តីយោធាជាន់ខ្ពស់​ឥណ្ឌាមួយរូប​បានឲ្យដឹងថា ការធ្វើតេស្ត​មីស៊ីល​នេះបានបង្ហាញឲ្យ​ឃើញយ៉ាង​ជាក់ច្បាស់ អំពីប្រសិទ្ធភាពគ្មាន​គូប្រៀបរបស់​សព្វាវុធនេះ ដោយបានវាយប្រហារ​​ចំគោលដៅត្រូវ​បានរៀបចំទុក ឥតល្អៀងអ្វី​បន្តិចសោះឡើយ។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ​កងទ័ពជើងទឹកឥណ្ឌា បានធ្វើការបាញ់តេស្តគ្រូសមីស៊ីល Brahmos ​ជា​ច្រើន​ស៊េរី​​ខុសៗ​គ្នា ដែលសម្រាប់​វាយ​ប្រហារ​គោលដៅ​លើគោក ហើយបើតាម​មន្រ្តីយោធា​ប្រទេសឥណ្ឌា នាវាចម្បាំង​ជួរ​មុខ​​ភាគ​ច្រើន​របស់​មហាយក្ស​នៅអាស៊ីមួយនេះ មានសមត្ថភាព​បើកការវាយប្រហារ​ដោយមីស៊ីល​ប្រភេទនេះ៕