(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក New York Times បានចុះផ្សាយថាអភិបាលក្រុង Los Angeles លោក Eric Garcetti ទំនងជាអាចធ្វើការពិចារណា ចំពោះការឈរឈ្មោះបេក្ខភាពប្រធានាធិបតី របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងឆ្នាំ​២០២០ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

នេះគឺជាលើកទីមួយ​ហើយ​ដែលលោក Garcetti បានលេច​ឈ្មោះ នៅក្នុងបណ្តាញ​សារព័ត៌មានដ៏ល្បីមួយ​ ពាក់ព័ន្ធ​ជាមួយ​​​ការប្រកួត​ប្រជែង​យកតំណែង​ ជាប្រធានាធិបតី​សហរដ្ឋអាមេរិក​បែបនេះ ហើយជុំវិញ​សេចក្តីរាយការណ៍​ព័ត៌មាន​នេះដែរ អ្នកនាំពាក្យ​លោក Garcetti បានឲ្យដឹងថា​ លោកអភិបាល​ក្រុងពុំមាន​ការធ្វើអត្ថាធិប្បាយ​អ្វីឡើយ។

គួរបញ្ជាក់ថា លោក Eric Garcetti ដែលជាអភិបាល​ទី៤២ របស់ទីក្រុង Los Angeles មានកន្លែង​កំណើតនៅ​ក្នុងតំបន់ San Fernando នៃរដ្ឋកាលី​ហ្វរញ៉ា និងបានបញ្ចប់​ការសិក្សាថ្នាក់​បរិញ្ញាប័ត្រ និងបណ្ឌិតនៅ​សាកលវិទ្យាល័យ Columbia និង​មានតួនាទីជាវរសេនីយ៍បម្រុង នៅក្នុងកងទ័ពជើងទឹក​អាមេរិកផងដែរ៕