(កាប៊ុល)៖ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក​អត្តឃាត​យ៉ាងកក្រើក នៅចំកណ្ដាលរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ បានកើនឡើងដល់០៨នាក់ និង២៨នាក់ទៀតរងរបួស។ នេះបើតាមសម្តីក្រុមមន្ត្រីសុខាភិបាលអាហ្វហ្គានីស្ថាន ដកស្រង់ទីភ្នាក់ងារ សារព័ត៌មាន Reuters​ នៅមុននេះ​បន្តិចនារសៀល ថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

យោងតាម Reuters ការវាយប្រហារនេះ​បានកើតឡើង នៅក្បែរស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកាប៊ុល ដោយមានគោលដៅ​លើក្បួនរថយន្ដដឹកបុគ្គ លិក របស់​កងកម្លាំងអង្គការណាតូ។​ ចំណែកឯ អ្នកនាំពាក្យកងទ័ពអាមេរិក លោក  Bill Salvin ក៏បានឱ្យដឹងដែរថា បុគ្គលិកយោធាអាមេរិក ០៣នាក់ នៅក្នុងចំណោមមនុស្ស២៨នាក់ បានរងរបួស រីឯជនស៊ីវិល០៨នាក់ នៅក្បែរក្បួនរថយន្ដនេះ បានបាត់បង់ជីវិតក្នុងថ្លុកឈាម។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះពុំទាន់មាន​ក្រុមណាមួយ ចេញមុខអះអាងថាជាអ្នកប្រព្រឹត្តឡើយ ខណៈការវាយប្រហារនេះ​កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុម​ឧទ្ទាមតាលីបង់ គំរាមបើកការ វាយប្រហារសងសឹក​ប្រឆាំងនឹងកងកម្លាំង​បរទេស នៅអាហ្វហ្គានីស្ថាន៕