(សេអ៊ូល)៖ ខណៈភាពតានតឹងនៅឧបទ្វីបកូរ៉េ នៅតែបន្តរក្សាកម្តៅដ៏ក្តៅគគុក នៅទីបំផុតទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី០៣ ខែឧសភានេះបានទទួលស្គាល់ថា ទីក្រុងព្យុងយ៉ាង បានចាប់ និងឃុំខ្លួនពលរដ្ឋអាមេរិក​ម្នាក់ឈ្មោះ លោក Sang-duk Kim ក្រោមបទចោទប្រកាន់ថា បានធ្វើសកម្មភាព​ប្រឆាំងរដ្ឋាភិបាល លោក គីម ជុងអ៊ុន។ នេះបើតាមការដកស្រង់ពីបណ្តាញ​ព័ត៌មាន​ទាន់ហេតុការណ៍នៅមុននេះបន្តិច នារសៀលថ្ងៃពុធ។

យោងតាមក្រុម​មន្ត្រីកូរ៉េខាងត្បូង លោក Sang-duk Kim ឬ Tony Kim ជាពលរដ្ឋ​អាមេរិក ដើមកំណើតកូរ៉េ ដែលត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ព្យុងយ៉ាង អំឡុងពេល​ត្រៀមចាកចេញ​ពីប្រទេស​កុម្មុយនីស្ដ​មួយនេះ បន្ទាប់ពីលោកបានបំពេញការងារជាគ្រូបង្រៀន​ អស់​រយៈពេលជាច្រើនសប្ដាហ៍ នៅឯសកលវិទ្យាល័យ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ទីក្រុងព្យុងយ៉ាង (PUST)។ លោក Tony Kim ក៏ធ្លាប់ធ្វើការងារ​ជាសាស្រ្តាចារ្យ នៅឯសកលវិទ្យាល័យ​បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ Yanbian ក្នុងប្រទេសចិន​មុននឹងក្លាយជា​ អ្នកដឹកនាំ​សកម្មភាពជំនួយមនុស្សធម៌ សម្រាប់កូរ៉េខាងជើង។

គួរបញ្ជាក់ថា លោក Sang-duk Kim គឺជាពលរដ្ឋអាមេរិក​ទី០៣ហើយ ដែលត្រូវបានចាប់ឃុំខ្លួន​នៅកូរ៉េខាងជើង បន្ទាប់ពី​លោក Kim Dong-chul និង និស្សិតអាមេរិក​ម្នាក់ទៀត​ឈ្មោះ Otto Warmbier ដែលត្រូវបាន​កាត់ទោស និងឃុំខ្លួន​ពីបទ​ធ្វើសកម្មភាព​ប្រឆាំងនឹង​រដ្ឋាភិបាល លោក គីម ជុងអ៊ុន។ ដោយឡែក​ជុំវិញបញ្ហា​នេះដែរ ក្រុមអ្នកជំនាញ​លើសំណុំរឿង​កូរ៉េខាងជើង​មួយចំនួន​យល់ថា ទីក្រុងព្យុងយ៉ាង​អាចនឹងប្រើ​ការចាប់ខ្លួន ពលរដ្ឋអាមេរិក ដើម្បីចរចា​ជាមួយសហរដ្ឋ​អាមេរិក​នៅថ្ងៃណាមួយ។ ក៏ប៉ុន្តែ​ទីក្រុងវ៉ាស៊ីនតោន បានអះអាងថា​ នឹងមិនបណ្ដោយ​ឱ្យទីក្រុងព្យុងយ៉ាង យកការចាប់​ខ្លួនពលរដ្ឋរបស់ខ្លួន​ទុកចរចា​ជាដាច់ខាត ហើយថាកិច្ចចរចា​អាចធ្វើទៅបាន​ ដរាបណា​កូរ៉េខាងជើង ​មានឆន្ទៈ​បោះបង់ចោលកម្មវិធី​នុយក្លេអ៊ែរ៕