(ហាណូយ)៖ គ្រោះថ្នាក់ចរាចរណ៍ ១២៥លើក គិតចាប់ពីថ្ងៃសៅរ៍សប្ដាហ៍មុន រហូតដល់ថ្ងៃអង្គារ​សប្តាហ៍នេះ បានសម្លាប់មនុស្ស ៩៨នាក់ និង៩០នាក់ផ្សេងទៀតរងរបួស នៅទូទំាងប្រទេសវៀតណាម។ នេះបើតាមគណកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍វៀតណាម ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

ប្រភពដដែល​បានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍​ទំាង១២៥លើកខាងលើ កើតឡើងរាប់​ចាប់ពី​ថ្ងៃសៅរ៍​សប្ដាហ៍មុន រហូតដល់ថ្ងៃអង្គារសប្តាហ៍ថ្មីនេះ ដោយ រាប់បញ្ចូលទំាង​ថ្ងៃឈប់សម្រាក០៤ថ្ងៃ របស់វៀតណាម គឺថ្ងៃទិវាពលកម្មអន្តរជាតិ​ ព្រមទាំងទិវាថ្ងៃរំដោះ និងរួបរួមជាតិផងដែរ។

គួរបញ្ជាក់ថា បើតាមប្រធានគណកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍​វៀតណាម លោក Khuat Viet Hung បទល្មើសចរាចរណ៍​ទាំងផ្លូវគោក និង​ផ្លូវទឹកមានចំនួន ២៣,៧៩០ករណី ខណៈការផាក​ពិន័យមាន​រហូតដល់ទៅ ៥០៨,០០០ដុល្លារ រីឯរថយន្ដ​៩៨គ្រឿង​ព្រមទំាង​ម៉ូតូ ៣,៦០០គ្រឿង ត្រូវបានរឹបអូស ហើយអ្នកបើកបរ ១,០១២នាក់ ត្រូវដកហូតប័ណ្ណបើកបរផងដែរ៕