(សិង្ហបុរី)៖ អាកាសចរណ៍របស់ប្រទេសសិង្ហបុរី SIA បានប្រកាសចាប់ផ្តើមធ្វើប្រតិបត្តិការជើងហោះហើរ ប្រើថាមពលជីវៈឥន្ធនៈ​ដំបូងគេបង្អស់ ដើម្បីនិរន្តរភាពភពផែនដី នៅក្នុងសន្និសីទសារព័ត៌មានមួយ ធ្វើឡើងនៅថ្ងៃពុធនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

អាកាសចរណ៍ស៊ីវិល​សិង្ហបុរី (CAAS) និងក្រុមហ៊ុន SIA បានប្រកាសថា ជើងហោះហើរ​ដើរដោយ​ថាមពលបានមក​ពីជីវៈឥន្ធនៈ​ត្រូវបានចាប់ផ្តើមឡើង កាលពីវេលា​ម៉ោង ១១៖២១នាទីព្រឹក​ថ្ងៃចន្ទ​ដើម​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) ចេញពីអាកាសយានដ្ឋាន​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ហើយវានឹង​មកដល់ប្រទេសសិង្ហបុរី​ នៅវេលាម៉ោង ៧៖១០នាទីយប់ថ្ងៃពុធនេះ​ហើយ (ម៉ោងនៅសិង្ហបុរី)។

គួរបញ្ជាក់ថា អាកាសចរណ៍សិង្ហបុរីបានផ្តល់កញ្ចប់នៃការហោះហើរចំនួន ១២ជើង សម្រាប់ធ្វើប្រតិបត្តិការ​ក្នុងរយៈពេល ៣ខែរវាងទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ទៅមកសិង្ហបុរី ខណៈដែលជើងហោះហើរ​ដំបូង​ខាងលើ Flight SQ31 មានផ្ទុកអ្នកដំណើរចំនួន ២០៦នាក់។ វាត្រូវបានគេឲ្យឈ្មោះថា «ជើងហោះហើរបៃតង» ដែលជាកិច្ចចាប់ផ្តើមមុនគេបង្អស់​ក្នុងពិភពលោក ដើម្បីការពារបរិស្ថាន​ធម្មជាតិតាមរយៈការប្រើប្រាស់​ថាមពលជីវៈឥន្ធនៈ នៅលើយន្តហោះ Airbus A350-900 ទាំងអស់៕