(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានចេញមុខប្រកែកតវ៉ា ចំពោះការប៉ាន់ស្មានក្នុងរបាយការណ៍ របស់អង្គការឃ្លាំង​មើល​​សិទ្ធិមនុស្សអន្តរជាតិ (HRW) នាពេលថ្មីៗនេះ ស្តីពីការវាយប្រហារដោយអាវុធគីមី នៅភាគពាយ័ព្យប្រទេសស៊ីរី កាល​ពី​ដើម​ខែមេសាកន្លងទៅ ដែល​​នៅក្នុងរបាយការណ៍នោះ បានប្រើប្រាស់​រូបភាពនៅលើប្រព័ន្ធអ៊ីនធើណែត និង​បទ​សម្ភាសន៍​​មិនផ្លូវការ​ក្នុង​ការ​​សន្និ​ដ្ឋានថា គ្រាប់បែកគីមីទម្លាក់ពីលើអាកាស ដែលផលិតឡើងដោយ​អតីត​សហ​ភាព​សូវៀត (រុស្ស៊ីបច្ចុប្បន្ន) ត្រូវ​បាន​ប្រើ​ប្រាស់នៅក្នុងទីក្រុងរងគ្រោះ Khan Sheikhoun។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

ក្នុងសប្តាហ៍នេះ​អង្គការឃ្លាំងមើល​សិទ្ធិ​មនុស្សអន្តរជាតិ បានចេញផ្សាយរបាយការណ៍មួយស្តីពី ការប្រើប្រាស់អាវុធគីមី​ពុល​ដ៏សាហាវ នៅក្នុងប្រទេសស៊ីរី។ របាយការណ៍នោះមានបង្ហាញ​មកជាមួយនូវ​រូបភាពមួយ​ចំនួន ដែល HRW ជឿ​ជាក់​ថា​​​ ជា​បំណែក​​នៃ​​គ្រាប់​​បែក​ផលិតឡើង កាលពីសម័យ​សហភាពសូវៀត និងត្រូវបានអះអាងថា​ រកឃើញនៅ​ក្នុងទីក្រុង Khan Sheikhoun នៃខេត្ត Idlib របស់ស៊ីរី។

បំណែកនៃវត្ថុ​ដែលក្រុម​ឧទ្ទាមស៊ីរី​បានអះអាងថា​ ជាគ្រាប់បែកផ្ទុក​ដោយអាវុធគីមីនេះ ត្រូវបានយក​ទៅប្រៀបធៀបគ្នា​​ជាមួយគំរូតាង​ នៃគ្រាប់បែក KhAB-250 របស់​សហភាពសូវៀត​នៅក្នុងសារៈមន្ទីរ នៅក្នុងការ​រួមបញ្ចូលគ្នា​នៃរូបភាពដែល​​ចេញ​ផ្សាយដោយ HRW។

ជុំវិញរឿងនេះ​ក្រសួងការពារជាតិ​រុស្ស៊ី បានចោទសួរដេញ​ដោលថា តើការប្រើប្រាស់​រូបភាព ពីសារៈមន្ទីរទីក្រុង​ម៉ូស្គូ​​បែប​នេះ អាចចាត់​ទុក​ជា​​ភស្តុ​តាង​ច្បាស់​លាស់​​មួយដែរ ឬយ៉ាងណា និងបានគូស​បញ្ជាក់ថា HRW មិនបានធ្វើការ​ស៊ើប​​អង្កេត​ល្អិត​ល្អន់​​ណា​មួយ នៅលើផ្ទៃដី​កន្លែងកើតហេតុ​ផ្ទាល់នោះឡើយ។ លើសពីនេះ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោកឧត្តម​សេនីយ៍ Igor Konashenkov ក៏បានចេញ​មុខពន្យល់បកស្រាយ​អំពីមន្ទិលសង្ស័យ ពាក់ព័ន្ធជា​មួយ​គ្រាប់​បែក KhAB-250 នេះផងដែរ។

យ៉ាងណាមិញ​អង្គការឃ្លាំងមើល​សិទ្ធិមនុស្ស​អន្តរជាតិ បានឲ្យដឹ​ងជាពិសេស​នៅក្នុងរបាយការណ៍​ខាងលើថា ខ្លួនបាន​​សម្ភាសន៍​មនុស្ស​ចំនួន៦០នាក់ ដែលបាន​ទទួលរងឥទ្ធិពល​ពីការវាយប្រហារ​ដោយអាវុធគីមី​នេះ​ផ្ទាល់ និង​ហេតុ​ការណ៍​​វិវឌ្ឍន៍ ក្រោយមកទៀត​របស់ពួកគេ ​ហើយក៏បាន​ត្រួតពិនិត្យផងដែរ​ទៅលើរូបភាព ក៏ដូចជាវីដេអូ​ជាច្រើននៃកន្លែង​កើត​​ហេតុ​​រួម​ទាំងជនរងគ្រោះ ដែលត្រូវបាន​បង្ហោះនៅលើបណ្តាញ​អ៊ីនធើណែត និងផ្តល់ដោយ​ផ្ទាល់ពីសំណាក់​អ្នករស់នៅ​ក្នុងតំបន់។

គួរបញ្ជាក់ថា ដោយសារតែ​ការវាយប្រហារ​ដោយអាវុធគីមី ដែលបានផ្តាច់​យកជីវិតជនស្លូតត្រង់​អស់ជាច្រើននាក់នេះ សហ​រដ្ឋអាមេរិក បានសម្រេច​បើកការវាយប្រហារ​គ្រាប់មីស៊ីលចំនួន ៥៩គ្រាប់ ទៅលើមូលដ្ឋាន​ទ័ពអាកាស​​ស៊ីរី ទោះ​បីជា​រដ្ឋា​ភិបាលស៊ិរី បានចេញមុខ​បដិសេធការចោទប្រកាន់​យ៉ាងណាក្តី៕