(សេអ៊ូល)៖ ការនាំចេញគ្រាប់ធញ្ញជាតិរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីមីនា កន្លងទៅ ត្រូវបានគេដឹងថា បានកើនឡើងខ្លាំងជាងពេលណាៗទាំងអស់។ នេះបើតាមយោង​តាមទិន្នន័យ​របស់ស្ថាប័នគយនៃរដ្ឋាភិបាលចិន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។​

យោងតាមទិន្នន័យដដែល កូរ៉េខាងជើង​បាននាំចូលគ្រាប់ធញ្ញជាតិ ៤,៤០០តោនពីប្រទេសចិន កាលពី​ខែមីនា​កន្លងទៅ ហើយបរិមាណនេះ​គឺកើនឡើងខ្លាំង បើធៀបទៅនឹងខែកុម្ភៈ​ ដែលមានត្រឹមតែ ១,២៧៥តោនប៉ុណ្ណោះ។ ដោយឡែកការនាំចូលស្រូវសាលីបានកើនឡើង​រហូតដល់ ១,៧៨៨តោន, ស្រូវ ៩៥៦តោន និងពោត ៨៨២តោន។

គួរបញ្ជាក់ថា បើគិតត្រឹមខែមករា ដល់ខែមីនា ឆ្នាំ២០១៧ ការនាំចូលគ្រាប់​ធញ្ញជាតិ​របស់កូរ៉េខាងជើង ពីចិនបាន​កើនឡើង​ដល់ ៦,៥១២តោន ឬចកើនលើសមុន ៤.៣ដង បើធៀបទៅនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ខណៈការនាំចូលជី រឹតតែកើនឡើងខ្ពស់​ទៅទៀត ដល់ទៅជាង ៥៣,៨៦៣តោន ឬ ៦៧ភាគរយកាលពីខែមីនា៕