(គូឡាឡាំពួ)៖ កងកម្លាំងបង្រ្កាបភេរវកម្ម​ម៉ាឡេស៊ី នៅចន្លោះថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសា​កន្លងទៅនេះ បានធ្វើ​​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន០៦នាក់ ដែលរងការចោទប្រកាន់ថា បានចួលរួមក្នុងសកម្មភាព​ទាក់ទងជាមួយនឹង​ ក្រុម​សកម្ម​​ប្រយុទ្ធ ISIS។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

ជនសង្ស័យទាំង​០៦នាក់ខាងលើនេះ រួមមានបុរសពីរនាក់​ និងស្រ្តីពីរនាក់​ដែលសុទ្ធតែជាជនជាតិ​ម៉ាឡេស៊ី ហើយពួកគេ​ត្រូវ​​ចាប់ឃាត់ខ្លួនបាន​នៅក្នុងរដ្ឋ Kelantan, Pahang, Malacca, Johor និង Penang។ បុរសពីរនាក់​នៅក្នុងចំណោមនោះ​​មានវ័យ ២៦ឆ្នាំ និង៤១ឆ្នាំ ត្រូវបានចាប់ខ្លួន​នៅក្នុងរដ្ឋ Kelantan ពីបទលួចនាំចូល​អាវុធពីតំបន់​ភាគខាងត្បូងប្រទេសថៃ​ ​មកកាន់ម៉ាឡេស៊ី។

ដោយឡែកសម្រាប់បុរសពីរ​នាក់ផ្សេង មានម្នាក់ទើបតែ​ត្រឡប់មកពី​បំពេញបេសកកម្មនៅ​ក្នុងប្រទេសស៊ីរី និង​ម្នាក់ទៀត​ត្រូវអាជ្ញាធរ​រកឃើញថា បានព្យាយាម​រៀបចំគម្រោង​វាយប្រហារលើ ព្រះវិហារ​សាសនាអ៊ីស្លាម​មួយកន្លែង នៅ​ក្នុង​រដ្ឋ Penang។

គួរបញ្ជាក់ថា ចំណែកឯស្រ្តី​ពីរនាក់ទៀតវិញ បានជាប់ចោទ​ពីបទផ្សព្វផ្សាយ​មនោគមន៍វិជ្ជា ISIS តាមរយៈកម្មវិធី Google Plus។ អាជ្ញាធរ​ម៉ាឡេស៊ី ក៏កំពុងនៅបន្តតាម​ស្វែងរកចាប់ខ្លួនជន​សង្ស័យម្នាក់​ទៀត​ឈ្មោះថា Muhammad Muzaffa Arieff Junaidi អាយុ ២៧ឆ្នាំ មកពីរដ្ឋ Kelantan ដែលត្រូវគេជឿជាក់ថា មានជាប់ពាក់ព័ន្ធ​ការ​លួច​នាំចូល​​អាវុធ​ខុស​ច្បាប់ ​ហើយបានរត់គេចខ្លួន​ទៅកាន់ប្រទេសថៃ​បាត់ផងដែរ៕