(វ៉ាស៊ីនតោន)៖ អតីតគូប្រជែងដ៏ស្វិតស្វាញជាមួយលោក ដូណាល់ ត្រាំ លោកស្រី ហ៊ីលឡារី គ្លីនតុន នៅថ្ងៃអង្គារបាន​បញ្ចេញមតិជុំវិញ​បញ្ហាដ៏ក្តៅគគុក នៅតំបន់ឧបទ្វីបកូរ៉េថា សហរដ្ឋអាមេរិកគួរតែមានការ​ប្រយ័ត្នប្រយែងខ្ពស់​ចំពោះកិច្ចចរចា ដែលអាចកើតមានឡើងជាមួយកូរ៉េខាងជើង។ នេះបើតាមការ​ចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៧។

ការលើកឡើងរបស់លោកស្រី គ្លីនតុន ខាងលើនេះបានធ្វើឡើងបន្ទាប់ពី លោក ត្រាំ ប្រធានាធិបតីអាមេរិក​បានអះអាងថា លោកស្វាគមន៍ចំពោះជំនួបពិភាក្សា និងការចរចាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងបរិយាកាស​ដ៏ត្រឹមត្រូវមួយ។ លោកស្រី គ្លីនតុន បានបញ្ចេញមតិ​យោបល់យ៉ាងដូច្នេះថា «បញ្ហាកូរ៉េខាងជើង តែងតែត្រូវបានចាប់​អារម្មណ៍​មិនមែនតែនៅជំនាន់ លោក គីម ជុងអ៊ុន នោះទេ ប៉ុន្តែកាលពី​ជំនាន់ឪពុក និងជីតាផងដែរ ដែលសហរដ្ឋអាមេរិក​បានព្យាយាមធ្វើការចរចា ដើម្បីលុបបំបាត់​ឥទ្ធិពល និងតួនាទីរបស់ពួកគេ​»

អតីតបេក្ខជន​ប្រធានាធិបតី​ប្រចាំបក្សប្រជាធិបតេយ្យ​រូបនេះ ក៏បានបញ្ជាក់​ផងដែរថា សហរដ្ឋអាមេរិក​គួរតែមានការ​ប្រុងប្រយ័ត្ន នៅពេលដែលហុច​ឱកាសឲ្យកូរ៉េខាងជើង​ចូលមកតុចរចាគ្នា ពីព្រោះថា វានឹងក្លាយ​ជារឿង​ស្មុគស្មាញ។ លោកស្រី គ្លីនតុន បានសង្កត់​ធ្ងន់ទៀតថា អាមេរិកគួរ​តែបង្កើត​យុទ្ធសាស្ត្រឲ្យ​ទូលាយជាងនេះ ដោយមិនមែន​ជាគ្រាន់តែ​ធ្វើការបង្ហោះ​សារលើ Twitter ថា «តោះ! ចូលរួមជាមួយគ្នា! អ្នកដឹងទេ នៅពេលមើលឃើញ​ការចូលរួមជាមួយគ្នា យើងអាចសម្រេច​ចេញនូវដំណោះស្រាយ​ណាមួយ!» ដោយការធ្វើបែបនេះ លោកស្រីគិតថា មិនអាចមាន​លទ្ធផលចេញមក​នោះឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានលើកឡើងថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើស្ថានភាពអំណោយផល។ «ប្រសិនបើវាសាកសមសម្រាប់ខ្ញុំ ក្នុងការជួបជាមួយលោក គីមនោះ ខ្ញុំច្បាស់ជាជួបជាមិនខាន ខ្ញុំពិតជាមានកិត្តិយសក្នុងការធ្វើបែបនេះ» នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg News។

ការលើកឡើងបាននេះ ត្រូវបានធ្វើឡើង ខណៈដែលមានក្តីបារម្ភកំពុងកើតមានឡើង​ នៅសហរដ្ឋអាមេរិក និងបណ្តា​ប្រទេសក្នុងតំបន់ទាក់ទង នឹងការគំរាមកំហែងនៃកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពីភាពបរាជ័យក្នុង​ការបាញ់​សាកល្បងមីស៊ីលក្នុងពេលថ្មីៗនេះ៕