(ប៉ារីស)៖ ខណៈការបោះឆ្នោតជុំទី០២ កាន់តែខិតជិតចូលមកដល់ និងបើទោះជាដឹងថា ប្រជាប្រិយភាព របស់ខ្លួនកំពុងធ្លាក់ចុះក៏ដោយ ក៏បេក្ខនារីប្រធានាធិបតីបារាំង លោកស្រី Marine Le Pen​ នៅតែប្រកាន់គោលជំហរ​ដដែលថា លោកស្រី​នឹងរៀបចំការបោះឆ្នោត​ប្រជាមតិឱ្យបារំាងចាកចេញពី សហភាពអឺរ៉ុប ហើយងាកមកចាយលុយហ្រ្វង់ Franc វិញ បើសិនជាលោកស្រីជាប់ឆ្នោត។ នេះបើតាម​ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍​កាលពីថ្ងៃអង្គារ លោកស្រី Le Pen បានបញ្ជាក់យ៉ាង​ច្បាស់ថា បារាំងគួរតែចាកចេញពី​សហភាពអឺរ៉ុប​ និងចាយរូបិយវត្ថុតែមួយ។ អ្នកនយោបាយ​ស្ដាំនិយមជ្រុល​រូបនេះ បានលើកឡើង​យ៉ាងដូច្នេះថា «លុយអឺរ៉ូមិនបានការពារ​នរណាម្នាក់នោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញ​វាគឺជា បន្ទុកដ៏ធ្ងន់ដល់វិស័យការងារ និងការប្រកួតប្រជែង​នៃមុខជំនួញ​របស់យើង (...) ដូច្នេះចាំ​បាច់ណាស់​យើងគួរតែបង្កើត​សេដ្ឋកិច្ច​ថ្មីមួយ ដែលគ្មាន​រូបិយវត្ថុរួមនេះ»

គួរបញ្ជាក់ថា ក្រុមអ្នកគាំទ្រ​លោកស្រី​ចង់ឱ្យបារាំង​ចាយលុយហ្រ្វង់វិញ ក៏ប៉ុន្តែប្រជាជន​បារាំងបីភាគបួន នៅតែចង់ឱ្យបារាំង​ចាយលុយអឺរ៉ូ​ដដែល ហើយម្យ៉ាងវិញ​ទៀតនៅក្នុងការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​បារាំង​ជុំទី០២ នៅថ្ងៃទីអាទិត្យ ទី០៧ ខែឧសភា ខាងមុខនេះ លោក Emmanuel Macro អាចនឹងផ្ដួល​លោកស្រី Marine Le Pen ដោយទទួល​បានសំឡេង​គាំទ្រ ៦០ភាគរយ ទល់នឹង៤០ភាគរយ។ នេះបើតាម​ការស្ទង់មតិ​ជាច្រើនដោយស្ថាប័ននានាក្នុងប្រទេសបារាំង៕