(ការ៉ាកាស់)៖ ក្រុមអ្នកគណបក្សប្រឆាំង​របស់ប្រទេស​វេណេស៊ុយអេឡា បាននាំគ្នា​បិទផ្លូវធ្វើដំណើរ​ជាច្រើនខ្សែ នៅក្នុង​រដ្ឋ​ធានី​ការ៉ាកាស់ ដើម្បី​ថ្កោល​ទោសចំពោះ​ការសម្រេចចិត្តរបស់​ប្រធានាធិបតី លោក Nicolas Maduro ក្នុងការទាមទារ​ឲ្យ​ធ្វើ​វិសោធន​​កម្ម​​រដ្ឋ​​ធម្ម​​នុញ្ញ​។ នេះបើតាមការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌​មាន Reuters នៅ​ព្រឹក​ថ្ងៃ​ពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

ជុំវិញការស្នើឲ្យធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញនេះ លោក Maduro ក៏បានអះអាង​ដែរថា​ វេណេស៊ុយអេឡា គួរតែមាន​សភា​ប្រជាជន និងរដ្ឋធម្មនុញ្ញថ្មីមួយ ដើម្បីស្ដារឡើងវិញ​​នូវសន្តិភាព ក៏ដូចជាទប់ស្កាត់ការ​ធ្វើរដ្ឋប្រហារ។ ក៏ប៉ុន្តែ​ក្រុម​គណ​បក្ស​ប្រឆាំង ដែលគ្រប់គ្រងសភាជាតិបានច្រាន​ចោល​សំណើនេះ​ និងចោទថា លោកប្រធានាធិបតី​មាន​ចេតនា​​បំផ្លាញ​បទបញ្ញត្តិ​ ​នៃរដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដើម្បីសំដៅពង្រឹង​អំណាចរបស់ខ្លួនឯងទៅវិញ។

នៅក្នុងរយៈពេល​ប្រមាណមួយខែចុង​ក្រោយនេះ បាតុកម្មផ្ទុះអំពើហិង្សា​ដែលរៀបចំឡើង​ដោយក្រុមបក្ស​ប្រឆាំង ​បាន​​​កើតមានឡើងស្ទើរ​តែជារៀងរាល់ថ្ងៃ​ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ក្នុងគោលបំណង​សំដៅទាមទារ​ឲ្យលោក Nicolas Maduro ប្រធានាធិបតី​វេណេស៊ុយ​អេឡា​ចុះចេញពីអំណាច និងស្នើឲ្យមានការ​​បោះ​ឆ្នោត​នៅ​មុន​​ពេល​កំណត់។ ជាការឆ្លើយតបរដ្ឋាភិបាល ក៏បាន​សម្រេចប្រើប្រាស់​​កម្លាំងកងសន្តិសុខ រួមទាំងការដង្ហែរ​បាតុកម្មតបតទៅវិ​ញដោយ​ក្រុម​អ្នក​គាំទ្រ​លោក Maduro។

គួរបញ្ជាក់ថា កងកម្លាំង​សន្តិសុខវេណេស៊ុយអេឡា និងក្រុមអ្នកតវ៉ា​​នៅក្នុងរដ្ឋធានី​ការ៉ាកាស់ នៅ​តែ​បន្ត​​​ប្រឈម​មុខ​​​ដាក់​​គ្នា​​ឥត​​ឈប់​ឈរ ស្របពេលដែល​ចំនួនមនុស្សស្លាប់​បណ្តាលមកពីបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ បំផុត ដែលបានផ្ទុះ​ឡើង​ចាប់​តាំង​ដើម​ខែ​មេសា​​មក​ម្ល៉េះនោះ បានកើនដល់២៩នាក់ និងរង​របួស៤០០នាក់ ​ហើយ​រាប់​រយ​នាក់​​ផ្សេង​​ទៀត​ត្រូវ​​បាន​ចាប់​ខ្លួន៕